ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរក្រុងតាខ្មៅ ខេត្តកណ្តាល បានចុះចាប់រថយន្តដឹកខ្សាច់ ខុសម៉ោងទាំងយប់ចំនួន៩គ្រឿង

68

កណ្ដាល៖ អាជ្ញាធរក្រុងតាខ្មៅ ខេត្តកណ្តាល បានចុះចាប់រថយន្តដឹកខ្សាច់ ខុសម៉ោងទាំងយប់ចំនួន៩គ្រឿង យកទៅរក្សាទុករង់ចាំថ្លឹងមើលទម្ងន់ បើលើសទម្ងន់ អាជ្ញាធរនឹងពិន័យទៅតាមច្បាប់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាតខ្មៅ, លោក មឹង យូឡេង ប្រធានមន្ទូរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល, លោក ភឹម ម៉ាដូណា អភិបាលរងក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោក នូ សុវណ្ណារ៉ា បាននិយាយថា ការចុះចាប់រថយន្តដឹកខ្សាច់លើសម៉ោងកំណត់នេះ ធ្វើឡើងដើម្បីរឹតបន្តឹងការគោរពតាមច្បាប់ចរាចរណ៍ និងសារាចររបស់រដ្ឋបាលក្រុងដើម្បីគ្រប់គ្រងមិនឱ្យមានការបំពានច្បាប់ ពីសំណាក់ក្រុមឡានដឹកខ្សាច់ឡើយ។

លោក មឹង យូឡេង បានថ្លែងថា «ការចុះចាប់រថយន្តនេះ ធ្វើទៅតាមច្បាប់ក្រោយមើលឃើញក្រុមឡានដឹកខ្សាច់ចេញពីដេប៉ូមកដោយដឹកខ្សាច់សើម ដឹកខុសម៉ោងពេលវេលា ហើយជំនាញនឹងថ្លឹងទម្ងន់ បើមើលឃើញថា លើសទម្ងន់នោះជំនាញនឹងពិន័យតាមផ្លូវច្បាប់ ហើយរថយន្តនឹងឃាត់ទុករយៈពេលមួយឆ្នាំ»

គួរជម្រាបថា យោងតាមសារាចរណែនាំលេខ០០៦ ប្រកាសរបស់ក្រសួងរ៉ែ និងថាមពល បានហាមដាច់ខាតចំពោះការដឹកសារធាតុលើសពីម៉ោង៦ល្ងាច ពោលគឺអាចដំណើរបានចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចប៉ុណ្ណោះ។ បើឡានណាប្រព្រឹត្តល្មើសនោះ សមត្ថកិច្ចពាក់ព័ន្ធ ពិសេសនគរបាលចរាចរណ៍មានកាតព្វកិច្ចធំក្នុងការអនុវត្តន៍ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង