ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ធ្វើការងារជាក្រុម ត្រូវតែមានការអធ្យាស្រ័យដល់គ្នា

527

 

ភ្នំពេញ ៖ ការខ្វះអធ្យាស្រ័យវាជាកត្តាមួយ ដែលមិនបំផ្លាញខ្លួនឯងតែប៉ុណ្ណោះទេ តែវាអាចជាការបំផ្លាញ ដល់សង្គមគ្រួសារ ឬ សង្គមជាតិទាំងមូលក៏ថាបានដែរ ។

ការធ្វើការជាក្រុមវាទាមទារខ្លាំងណាស់ នូវការយោគយល់និងអធ្យាស្រ័យគ្នា ។មានរឿងមួយដែលជាគតិអប់រំនោះ មានបុរសម្នាក់បានដឹកលា ដែលមានអាហារនៅលើខ្នងសត្វលានោះ ព្រមទាំងបណ្ដើរឆ្កែមួយក្បាលផង ចូលក្នុងព្រៃដើម្បីរកកាប់អុស ។ បន្ទាប់ពីកាប់អុសបានបុរសរូបនោះ មិនទាន់ហូបបាយភ្លាមៗឡើយ ដោយសារតែអស់កម្លាំងពេក គាត់ក៏ដេកលក់នៅក្រោមម្លប់ឈើដ៏ធំមួយ ។

សត្វលាមិនខ្វល់អ្វីឡើយ ព្រោះវាអាចដើរស៊ីស្មៅក្បែរៗនោះ ចំអែតពោះ ដោយឡែកសត្វឆ្កែ ដែលឃ្លានបាយនោះ បានអង្វរសត្វលាសុំឲ្យសត្វលា បន្ទាបខ្លួនបន្តិច ដើម្បីវាអាចយកបាយ ដែលនៅលើខ្នងនោះស៊ីបាន តែសត្វលាបន្ទាប់ពីធ្វើជាមិនឮនោះ ក៏និយាយទៅកាន់ឆ្កែថាទ្រាំបន្តិចសិន ទៅបន្តិចទៀតម្ចាស់ក្រោកហើយ ។ ទោះជាឆ្កែអង្វរយ៉ាងណា ក៏លានោះមិនព្រមអធ្យាស្រ័យ បន្ទាបខ្នងឲ្យដែរ ។
ឆ្កែក៏ដេកកូរពោះរង់ចាំម្ចាស់ ក្រោកពីដេក ។ រំពេចនោះស្រាប់តែមានចចកមួយក្បាល ដេញចាប់សត្វលាស៊ី ជាអាហារសត្វភ័យពេក ក៏ស្រែកហៅឆ្កែឲ្យជួយ តែឆ្កែក៏បានចំអកទៅវិញថា ខំរត់គេចឲ្យលឿនសិន ទៅទម្រាំម្ចាស់ក្រោក ។ ទីបំផុតសត្វលាក៏អស់កម្លាំង ហើយត្រូវសត្វចចកចាប់បានស៊ីជាអាហារ ។

ថ្លែងពីម្ចាស់ភ្ញាក់ពីដេក ក៏មើលទៅលារបស់ខ្លួន នៅសល់តែឆ្អឹងនោះ ក៏មានកំហឹងចំពោះសត្វឆ្កែ ដែលមិនព្រមជួយសត្វលា ដែលទន់ខ្សោយ ក៏ទាញព្រនង់សំពងឆ្កែទាល់តែស្លាប់ទៅ។ បន្ទាប់ពីឆ្កែស្លាប់នោះ ក៏លេចចេញសត្វខ្លា ដ៏ធំមួយក្បាល ចេញមកហើយក៏ចាប់ហែកបុរសនោះ ស៊ីជាអាហារតែម្ដងទៅ ។

នេះជាមេរៀនមួយ ដែលបង្ហាញថាការធ្វើការងារជាក្រុម ត្រូវតែមានការអធ្យាស្រ័យគ្នា ទៅវិញទៅមក បើម្នាក់ៗមានជម្ងឺតួរឯកនោះអ្វីៗ វានឹងនាំមកនូវក្ដីអន្តរាយ ដូចរឿងនេះយ៉ាងអញ្ចឹង ៕

សូមទស្សនាវីដេអូ ៖ https://fb.watch/8LMhl7wXhx/

អត្ថបទដែលជាប់ទាក់ទង