ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញឱ្យមន្ត្រីមូលដ្ឋាន បន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋទ្វេឡើង

76


កំពង់ស្ពឺ៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានស្នើដល់មន្ត្រីទាំងអស់ ត្រូវតែខិតខំបន្តចុះជួយពលរដ្ឋ នៅមូលដ្ឋានឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្មទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត។

លោកឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានថ្លែងថា មន្រ្តីទាំងអស់ត្រូវជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ គ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដោយមិនត្រូវធ្វើការរើសអើង ប្រកាន់និន្នាការនយោបាយ លាបពណ៌ ចោទប្រកាន់គ្នា ដែលអាចឈានទៅបែកបាក់សាមគ្គីជាតិ។

លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលនៃការបោះឆ្នោត និងពិធីប្រគល់រង្វាន់ជ័យលាភីប្រឡងប្រណាំង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណៈកម្មាធិការគណបក្សស្រុកសំរោងទង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នាសាលប្រជុំធំនៃមន្ទីរបក្សខេត្តកំពង់ស្ពឺ ។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ក៏បានផ្តាំផ្ញើដល់សមាជិក នៃគណបក្សប្រជាជនទាំងអស់ ឱ្យបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក វ៉ី សំណាង បានលើកឡើងដោយមោទនភាពថា លើពិភពលោកមានតែប្រទេសកម្ពុជាមួយគត់ ដែលមានប្រជាជនទៅបោះឆ្នោតច្រើនជាងគេ ក្នុងខណៈក្រុមបក្សប្រឆាំងបានធ្វើយុទ្ធនាការ មិនឱ្យប្រជាជនទៅបោះឆ្នោតដូចជា យុទ្ធនាការដេកផ្ទះឈ្នះស្អាត ដេកផ្ទះឈ្នះឯង ម្រាមដៃស្អាត។ល។ ប៉ុន្តែប្រជាពលរដ្ឋមិនបានធ្វើតាមឡើយ បែរជាទៅបោះឆ្នោតដ៏ច្រើនលើសលុប នេះហើយជាសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតៗ តាមរយៈការបញ្ចេញមតិ រួមទាំងការបោះឆ្នោតត។

លោក វ៉ី សំណាង បានបន្ថែមថា បន្ទាប់ពីទទួល បានជ័យជម្នះនេះ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវបម្រើប្រជាជនទ្វេដង ដើម្បីឱ្យពលរដ្ឋមានជម្រើស មានជំនឿចិត្តច្រើនមកលើគណបក្សប្រជាជន និងទទួលបានគោលនយោបាយ ដ៏ត្រឹមត្រូវ របស់គណបក្ស៕

អត្ថបទដែលជាប់ទាក់ទង