ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើពិធីសារជាមួយសហព័ន្ធសន្តិភាពសកល UPF

52

 

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young-ho អគ្គនាយកស្នាក់ការកណ្តាល UPF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅក្នុងជំនួបនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជាក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។ លោកជំទាវបានរំលឹកនូវកិច្ចសហការ និងភាពជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ២០១៩ (APS-2019) កាលពីឆ្នាំ ២០១៩ នេះ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវក៏បានលើកឡើងនូវទឹកចិត្តដ៏សប្បុរសធម៌របស់ UPF ដោយបានចូលរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា រួមមានជាអង្ករចំនួន ១០០តោន និងថវិកាចំនួន ១០០,០០០ដុល្លាអាមេរិក តាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ACC បានសម្រេចបង្វែរ ជូនទៅ «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» (TYDA) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបេសកកម្មសង្គ្រោះបន្ទាន់ប្រឆាំងនឹងកូវីដ-១៩ ដែលបានកសាងមន្ទីពេទ្យ និងមជ្ឈមណ្ឌលថែទាំអ្នកជម្ងឺកូវីដ-១៩ ចំនួន ៥១កន្លែង កាលពីខែ ឧសភា កន្លងទៅ។

លោកជំទាវបានបន្តថា ជំនួយសប្បុរសធម៌ពីពេលកន្លងមក ក៏ដូចជា គំនិតផ្តួចផ្តើមនានាដែលកំពុងចាប់ផ្តើមដំណើរការ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ UPF និងរាជរដ្ឋាភិបាលកម្ពុជា សំដៅរួមចំណែកដល់ការកសាង ការថែរក្សា និងការលើកកម្ពស់សន្តិភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក។ ជាមួយគ្នានេះផងដែរ លោកជំទាវ បានសម្តែងនូវក្តីរំភើបរីករាយ និងមោទនភាពយ៉ាងក្រៃលែង ចំពោះកម្ពុជាដែលមាន វិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI ជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ដោយទទួលបាននូវសេចក្តីទុកចិត្តពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអង្គការ UPF ឱ្យទទួលភារកិច្ចជា “លេខាធិការដ្ឋានស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច” កាលពីខែ កញ្ញា កន្លងទៅថ្មីៗនេះ។ លោកជំទាវ ក៏បានសង្កត់ធ្ងន់នូវតំលៃនៃសន្តិភាព ដែលកម្ពុជាបានមកដោយលំបាក។ កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព នយោបាយ ពេញលេញ ទើបធ្វើឱ្យមានការអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ដែលទាំងនេះ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹងមាំជាលំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ។

ក្នុងជំនួបនេះផងដែរ លោកបណ្ឌិត Yun Young-ho បានសម្តែងនូវចំណាប់អារម្មណ៍ត្រេកអរយ៉ាងខ្លាំងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាជួបជាមួយលោកជំទាវ នាពេលនេះផ្ទាល់។ ពិសេសជាងនេះទៅទៀត លោកបានសម្តែងនូវសេចក្តីពេញចិត្តឥតឧបមា ក្នុងឱកាសដែលលោកទទួលបាននូវមេដាយសហមេត្រី ថ្នាក់មហាសេនា ដែលពិតជាមហាកិត្តិយសដ៏ធំធេង ប្រកបដោយគុណតំលៃខ្ពស់មិនអាចកាត់ថ្លៃបាន។ លោកបានកោតសរសើរនូវទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លា ការប្តេជ្ញាចិត្តដ៏មុះមុត ក្នុងការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសភា។ លោកបានបញ្ជាក់បន្ថែមថា ជំនួបសម្តែងការគួរសមនាពេលនេះពិតជាប្រវត្តិសាស្រ្តមួយ ដែលមិនមែនសម្រាប់តែកម្ពុជាទេ គឺសម្រាប់អាស៊ីប៉ាស៊ីហ្វិច និងពិភពលោកទាំងមូល ដែលជាដំណើរឆ្ពោះទៅកាន់ពិភពលោក សុខសន្តិភាព ។ លោកបណ្ឌិតបានបង្ហាញនូវសុឆន្ទៈ និងក្តីសង្ឃឹមដ៏មុតមាំ ជាមួយការប្តេជ្ញាចិត្តធ្វើការងារដោយអស់ពីចិត្តថ្លើម ក្រោមគំនិតផ្តួចផ្តើមរវាងរាជរដ្ឋាភិបាលកម្ពុជា សភាកម្ពុជា និងអង្គការ UPF អោយកាន់តែជោគជ័យ និងល្អប្រសើរ ។

សូមជម្រាបជូនផងដែរថា ក្រោយជំនួបសម្តែងការគួរសម ក៏មានពិធីចុះហត្ថុលេខាលើពិធីសារសំខាន់ៗចំនួន ២ ក្នុងនោះមាន៖ ១. ពិធីសារស្តីពីការសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលគណៈកម្មាធិការរៀបចំនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធសន្តិភាពសកល (UPF) នឹងសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការផ្សះផ្សារនិងការអភិវឌ្ឍ នៅអាស៊ីឦសាន ដោយផ្តោតលើសន្តិភាពនៅឧបទ្វីបកូរ៉េជាពិសេស និងសន្តិភាពពិភពលោកជាទូទៅ ២. ពិធីសារនៃកិច្ចសហប្រតិបត្តិការស្តីពីគម្រោងអភិវឌ្ឍន៍ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍទន្លេមេគង្គលើវិស័យ រួមមាន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍដេលផ្តោតលើប្រជាជន កសិកម្ម វារីវប្បកម្ម នវានុវត្តន៍ ការអប់រំ វប្បធម៌ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង