លោក ជិន ប៊ុនធឿន នាយកប្រតិបត្ដិ សាខា កាកបាទក្រហម កម្ពុជា រាជធានី ចុះពិនិត្យស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត ដើម្បីត្រៀមលក្ខណៈជាមុន ជួយប្រជាពលរដ្ឋ
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១នេះ ដោយបានទទួលប្រសាសន៍ណែនាំពី ឯ.ឧ ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមការងារសាខា បានចុះពិនិត្យពីស្ថានភាពទឹកនៅតាមមូលដ្ឋាននានាតាមសណ្តស្ទឹងព្រែកត្នោត ដើម្បីត្រៀមលក្ខណៈបង្ការអាចនឹងមាន ទឹកជំនន់មកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ច្រេីន ហេីយកម្ពស់ ទឹក ស្ទឹង ព្រែក ត្នោត ក៏មានការកើន ឡើង ។
នាខណៈចុះពិនិត្យនោះដែរ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯ.ឧ ឃួង ស្រេង ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោតទាំងអស់ ព្រមទាំងសូមឱ្យបងប្អូនត្រូវត្រៀមលក្ខណៈ និងមានការប្រុងប្រយត័្នខ្ពស់ពីស្ថានភាពទឹក ដែលអាចបង្កជាទឹកជំនន់ ទន្ទឹមនឹងនេះក៏សូមយកចិត្តទុកដាក់ពីសុខភាព បរិភោគអាហារដែលចំអិនបានឆ្អិន ពិសារទឹកដាំពុះ និងសូមប្រុងប្រយត័្នចំពោះសត្វអសេពិសនានា ជាពិសេសប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ហេីយសូមកុំធ្វេសប្រ ហែសចំពោះការការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ។
លោកនាយកប្រតិបត្តិសាខា បានលេីកឡេីងបន្តថា៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែណែនាំក្រេីនរំលឹកជាប្រចាំដល់តាមសាខាអនុសាខាទាំងអស់ត្រូវតែចុះឲ្យជាប់ជិតដិតជាមួយប្រជាពលរដ្ឋដេីម្បីបានដឹងពីសុខទុក្ខ និងនៅពេលពួកគាត់ជួបប្រទះនូវទុក្ខលំបាក ត្រូវធ្វេីការដោះ ស្រាយឆ្លេីយតបជួយសង្គ្រោះឲ្យបានទាន់ ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយ នោះឡេីយ ។
សូមរំលឹកដែរថា៖ កាលពីឆ្នាំ២០២០ នៅចន្លោះពីខែកញ្ញា ដល់ខែតុលា រាជធានីភ្នំពេញមានខណ្ឌ៤ លើខណ្ឌ១៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះមាន ផ្ទះចំនួន១០.៨៨៣ខ្នង រងផលប៉ះពាល់ និងមានអ្នករងគ្រោះសរុបចំនួន១០.៨២៥គ្រួសារ។ ខណ្ឌរងគ្រោះទាំង៤ មាន ខណ្ឌដង្កោ៥. ៥៨៧ គ្រួសារ ខណ្ឌពោធិ៍សែនជ័យ៣.១៨១គ្រួសារ ខណ្ឌ ច្បារអំ ពៅ១.៦៧២គ្រួសារ និងខណ្ឌកំបូល៣៨៥គ្រួសារ ៕ សំរិត