ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោករដ្ឋមន្រ្តី ថោង ខុន ចូលរួមសន្និសីទសម្ពន្ធភាព កិច្ចសហប្រតិបត្តិការ ទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង និងវេទិកាអភិបាលក្រុងមេគង្គ-ឡានឆាង ស្តីពីវប្បធម៌ និងទេសចរណ៍

33

ភ្នំពេញ៖ នាឱកាសកម្មវិធីបើកសន្និសីទសម្ពន្ធភាពកិច្ចសហប្រតិបត្តិការ ទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង និងវេទិកាអភិបាលក្រុងមេគង្គ-ឡានឆាងស្តីពីវប្បធម៌ និងទេសចរណ៍ ជាលក្ខណៈដោយផ្ទាល់ និងតាមរយៈ Video Conference នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ត្រូវបានផ្ដល់កិត្តិយស អានសារលិខិតអបអរសាទរសន្និសីទ និងវេទិកានេះ មុនការថ្លែងសុន្ទរកថាបើករបស់លោក ទូ ជាំង (Du Jiang) អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៌ចិន។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ក្នុងសារលិខិតថា ព្រឹត្តិការណ៍បានបង្ហាញ ពីការចាប់ផ្តើមដំណើរការនៃសម្ពន្ធភាព ខណៈប្រទេសសមាជិកកំពុងដំណើរការរៀបចំ បើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ។ ដូច្នេះ វាជាពេលវេលាសមស្របដ៏ល្អមួយក្នុង ការទាញផលប្រយោជន៍កើតចេញ សម្ពន្ធភាពនេះ ដើម្បីការស្តារឡើងវិញលើគ្រប់វិស័យ ជាពិសេសជំរុញឲ្យមានចលនាទេសចរ និងបម្លាស់ទីរបស់ប្រជាជនឡើងវិញឆ្ពោះ ទៅអនាគតប្រកបដោយភាពធន់នឹងវិបត្តិ។

លោក ថោង ខុន បានបន្តថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់បញ្ចូលរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ ជាសមាជិកសម្ពន្ធភាពកិច្ចសហប្រតិបត្តិការ ទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង រួមជាមួយទីក្រុងសមាជិកនៃប្រទេសមេគង្គ-ឡានឆាងដទៃទៀត ស្របតាមស្មារតីកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ កាលពីសីហា ឆ្នាំ២០២០ ក្នុងក្របខណ្ឌនៃការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាង តាមយន្តការនៃសហប្រតិបត្តិការទីក្រុង ទេសចរណ៍ដែលមានសក្តានុពល។

តាមរយៈសម្ពន្ធភាពកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង ទីក្រុងជាសមាជិកនីមួយៗនឹងមានឱកាសបន្ថែមទៀត ទៅលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ ក៏ដូចជាបង្កើតយន្តការបន្ថែមទៀតក្នុងការជំរុញ ចលនាទេសចររវាងទីក្រុងសមាជិកនៃសម្ព័ន្ធភាពនេះ។ សម្ពន្ធភាពនេះនឹងរៀបចំឲ្យមានកិច្ចសន្ទនាជារៀងរាល់ឆ្នាំ តាមរយៈព្រឹត្តការណ៍ផ្សេងៗជាប្រចាំរបស់ខ្លួន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងដាក់ចុះនូវយុទ្ធសាស្រ្ត និងទិសដៅថ្មីក្នុងការស្តារវិស័យទេសចរណ៍ក្នុងតំបន់មេគង្គ-ឡានឆាងឡើងវិញ។

គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសជាសមាជិកនៃប្រទេសមេគង្គ-ឡានឆាង មានតែកម្ពុជាប៉ុណ្ណោះ ដែលត្រូវបានផ្តល់កិត្តិយសចាក់បញ្ចាំង និងអានសារលិខិតអបអរសាទររបស់ លោករដ្ឋមន្រ្តីទេសចរណ៍អំឡុងពេលពិធីបើកព្រឹត្តិការណ៍នេះ។

សូមជម្រាបថា សន្និសីទ និងវេទិកានេះមានការចូលរួម ដោយផ្ទាល់ពីឯកអគ្គរដ្ឋទូត/រាជទូត អគ្គកុងស៊ុលនៃប្រទេសសមាជិកមេគង្គ-ឡានឆាង អ្នកជំនាញទេសចរណ៍ចិន និងចូលរួមតាមរយៈ video conference ពីតំណាងទីក្រុងសមាជិកសម្ពន្ធភាព កិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង និងអ្នកជំនាញទេសចរណ៍នៃប្រទេស ជាសមាជិកសរុបប្រមាណ២០០នាក់៕

អត្ថបទដែលជាប់ទាក់ទង