ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២០៣០ កម្ពុជា ត្រូវការសណ្ឋាគារ ជាច្រើនម៉ឺនបន្ទប់ ដើម្បីផ្គត់ផ្គង់ កំណើនទេសចរអន្តរជាតិ

69

ភ្នំពេញ៖ យោងតាមការព្យាករណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងឆ្នាំ២០១៨ កម្ពុជា នឹងទទួលបាន ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦,២ លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ហើយដល់ឆ្នាំ២០៣០ នឹងទទួលបាន ទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិ ប្រមាណ១៣លាននាក់។ 

តាមការលើកឡើង នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា”កម្ពុជាត្រូវការសណ្ឋាគារប្រមាណជាង ១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណិត លំដាប់ផ្កាយ ៤ និងផ្កាយ៥ ប្រមាណ៦០% ស្មើប្រមាណ៦ម៉ឺនបន្ទប់) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណិតជាង២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតបនឹងតម្រូវការបកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់នៅឆ្នាំ២០៣០”។

លោក  ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការព្យាករណ៍ដ៏គួរ ចាប់អារម្មណ៍នេះ ដល់វិនិយោគិនចិន និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍មកពីអគ្គនាយកដ្ឋានវិទ្យុ ភាពយន្ត និងទូរទស្សន៍ចិន នៅក្នុងពិធីបើកសម្ពោធ “សណ្ឋាគារព្រីនស៍ថាម Prince Times Hotel” និងការបើកដំណើរការថតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារព្រីនស៍ថាម ខេត្តព្រះសីហនុ ។

លោករដ្ឋមន្ត្រី បង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀតប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់គោរព តាមបទដ្នានបរិស្ថានននិងគោលការណ៍ការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រដើម្បីឆ្លើយតបនឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង