ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាប្រារព្ធខួបលើកទី៣០ នៃការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយមានការចូលរួមស្ថាប័ននានា តំណាងទូត និងតំណាង UN

37

ភ្នំពេញ៖ នៅព្រឹកថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួម នៃជម្លោះកម្ពុជាហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ។

ក្រសួងការបរទេស បានបញ្ជាក់ថា តាងនាមឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញថ្លែងសុន្ទរកថាមួយប្រកបដោយអត្ថន័យខ្លឹមសារ។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមានតំណាងមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងការិយាល័យអង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ។

«នៅក្នុងពិធី ឯកឧត្តម Jean-Yves Le Drian រដ្ឋមន្រ្តីកិច្ចការអឺរ៉ុប និងការបរទេសបារាំង និងលោកជំទាវ Retno L.P. Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងផ្ញើសារអបអរសាទរមកចូលរួម ខណៈ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងឱ្យអង្គទូតទាំងអស់»។

កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺមានអាយុឆ្នាំ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់វិញ្ញាសា និងការលំបាកតូចធំរាប់មិនអស់ ទម្រាំទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ផ្តើមចេញពីរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមលោកសេនាប្រមុខ លន់ នល់ ដោយមានអាមេរិកជាបង្អែក កម្ពុជាក៏បានរអិលជើងធ្លាក់ក្នុងវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារបំផុត។ កម្ពុជាត្រូវចំណាយពេលជិត៣ទសវត្សរ៍នៅក្នុងជម្លោះ និងភ្លើងសង្គ្រាមនេះ រហូតដល់ចុងឆ្នាំ១៩៨៧ ទើបមានជំនួបជាលើកដំបូងរវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅប្រទេសបារាំង ដើម្បីបើកការជជែកគ្នារកដំណោះស្រាយលើជម្លោះទាំងនេះ។

ផ្តើមចេញពីជំនួបលើកទី១នេះ ក៏បានបើកផ្លូវទៅជំនួបជជែកជាបន្តបន្ទាប់រវាងខ្មែរគ្រប់ភាគីជាពិសេស គឺសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួលពីប្រទេសជាមិត្តផងនោះ ក៏ឈានដល់ជំនួបចុងក្រោយ និងឈានទៅការចុះកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមរបស់កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅប្រទេសបារាំង។

កិច្ចព្រមព្រៀងនេះ ក្រៅតែពីចុះហត្ថលេខាដោយភាគីជម្លោះរបស់ខ្មែរទាំង៤ភាគីហើយនោះ ក៏មានការចូលរួមចុះហត្ថលេខាដឹងឮពីបណ្តាប្រទេសចំនួន១៧ផ្សេងទៀតរួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន, ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង