ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឈរលើគោលការណ៍ «ពង្រីកមិត្តនៅក្រៅប្រទេសដោយឈរលើស្មារតីឯករាជ្យជាតិ» កម្ពុជានឹងបន្តបង្ហាញថា ប្រទេសយើងតូចមែន តែបេះដូងយើងធំ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួម នៃជម្លោះកម្ពុជាហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតិភាព លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីតំណាងមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងការិយាល័យអង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ។
លោកប្រាក់ សុខុន បានបន្តទៀតថា ៣០ឆ្នាំបានកន្លងផុតទៅហើយ។ រយៈពេលនេះ ជារយៈពេលគ្រប់គ្រាន់សំរាប់ឱ្យយើងអាចធ្វើការវាយតំលៃដ៏ត្រឹមត្រូវមួយបានអំពីមេរៀនទាំងឡាយនៃដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជាយើង។ មិនមានការសង្ស័យណាមួយទេដែលថា កិច្ចព្រមព្រៀងក្រុងប៉ារីសគឺជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាយើង។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ រដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតដែលរៀបចំឡើងដោយ UNTAC (អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា) ក៏បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិ ដែលរយៈពេលជាង១០ឆ្នាំមុននេះ ត្រូវបានប្រគល់ឱ្យតំណាងខ្មែរក្រហម។
ទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានដាក់រយៈពេល១២ឆ្នាំមកលើប្រជាជនកម្ពុជា ដែលទើបរួចផុតពីការស្លាប់ដោយរបបកម្ពុជាប្រជាធិបតេយ្យ ហើយបែរឱ្យមកទទួលរងនូវការបិទផ្លូវសំរាប់សិទ្ធិមូលដ្ឋាននានា ពោលគឺ សិទ្ធិទទួលអាហារ សិទ្ធិទទួលសេវាសុខាភិបាល អប់រំ វប្បធម៌ ការអភិវឌ្ឍ ការរស់រានដោយសន្តិភាព។ល។ ទណ្ឌកម្មនោះត្រូវបានបញ្ចប់ជាស្ថាពរ។
រដ្ឋធម្មនុញ្ញថ្មីមួយ ដែលបានបញ្ចូលគោលការណ៍ទាំងឡាយដែលមានចែងក្នុង ឧបសម្ព័ន្ធ ៥ នៃកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជានោះ ត្រូវបានអនុម័ត។ ព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះអង្គទ្រង់ក៏បានឡើងគ្រងរាជ្យសម្បត្តិ រីឯ UNTAC ក៏បានបញ្ចប់បេសកកម្មរបស់ខ្លួន ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
ប៉ុន្តែជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសំរេចបាននោះ UNTAC បានចាកចេញពីកម្ពុជា ដោយមិនបានសំរេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ។ សន្តិភាពពេញលេញ ដែលជាគោលដៅចំបងបំផុតនៃកិច្ចព្រមព្រៀង មិនត្រូវបានសំរេចនោះឡើយ។ UNTAC បានចាកចេញពីកម្ពុជា ដោយបន្សល់ទុកនូវតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២។ កម្ពុជាបានស្ថិតនៅក្នុងស្ថានភាពស្បែកខ្លា ដូចការពណ៌នារបស់ សម្តេចតេជោ ដោយមានតំបន់គ្រប់គ្រងដោយខ្មែរក្រហម ហើយជំលោះប្រដាប់អាវុធ និងអសន្តិសុខនៅបន្តមាននៅក្នុងប្រទេស។ នេះក៏ដោយសារតែ «ភាគីកម្ពុជាប្រជាធិបតេយ្យ» ដែលជាភាគីមួយនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះ បានបោះបង់ចោលនូវការសន្យា និងកាតព្វកិច្ចនានារបស់ខ្លួនជាភាគីហត្ថលេខី។ ប្រការនេះហើយ ដែលនាំឲ្យប៉ះពាល់ដល់លក្ខណៈ «រួម» នៃដំណោះស្រាយនយោបាយ ហើយធ្វើឱ្យគោលដៅដ៏សំខាន់មួយចំនួនរបស់កិច្ចព្រមព្រៀងមិនត្រូវបានសំរេច។
គ្រានេះ នរណាក៏ដឹងដែរថា សម្តេច ហ៊ុន សែន ហើយសម្តេចក្នុងឋានៈជាអ្នកដឹកនាំតែម្នាក់គត់ ជាអ្នកនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី នៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ សម្តេចជាអ្នកបានបញ្ចប់នូវចលនានយោបាយ និងយោធារបស់ខ្មែរក្រហម ដែលទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជាជាង២លាននាក់ និងការបំផ្លាញដល់ឬសគល់រចនាសម្ព័ន្ធសង្គមជាតិទាំងមូល កាលពួកគេគ្រប់គ្រងអំណាច។ នយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សាជាតិ ដែលស្ថិតក្នុងបេះដូងនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយដែល UNTAC មិនអាចសំរេចបាន។
មានទិដ្ឋភាពមួយទៀត សូមលើកមកបកស្រាយពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជាមួយនឹងឆន្ទៈក្នុងការនាំមកនូវសន្តិភាពជូនប្រទេស និងប្រជាជនកម្ពុជានោះ ក៏មានគំរោងកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ។ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យនេះ ជាលទ្ធិតាមបែបលោកខាងលិច ដោយមិនបានគិតគូររាប់បញ្ចូលនូវលក្ខណៈពិសេសរបស់ កម្ពុជា តួយ៉ាងប្រវត្តិសោកនាដកម្មថ្មីៗរបស់ប្រទេសនេះ វប្បធម៌ ប្រពៃណី ស្ថានភាពជាក់ស្តែងពិតប្រាកដ។
នរណាក៏ដឹងដែរថា ប្រជាធិបតេយ្យមិនមែនកើតឡើងដោយឯកឯង ឬក៏ជបបាននោះទេ។ ប្រជាធិបតេយ្យ ក៏មិនមែនជាទំនិញដែលនាំចេញ នាំចូល ពីប្រទេសមួយទៅប្រទេសមួយទៀតនោះដែរ ទោះបីជះលុយរាប់រយលានដុល្លារក៏ដោយ។ ប្រជាធិបតេយ្យជាគុណតំលៃ ដែលបានមកពីការរៀនសូត្រហើយ ដែលត្រូវកសាង និងពង្រឹងមួយជំហានម្តងៗ។ ជាការគួរឱ្យស្តាយ ប្រជាធិបតេយ្យ រួមទាំងសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ស្របតាមកាលានុវត្តភាពភូមិសាស្ត្រនយោបាយ សំរាប់ផលប្រយោជន៍ប្រទេសធំៗមួយចំនួនទៅវិញ។
លោកក៏សូមលើកនៅទីនេះ នូវបញ្ហាដែលពាក់ព័ន្ធនឹងអធិបតេយ្យកម្ពុជា។ មិនមានចែងទាល់តែសោះក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា កម្ពុជានឹងត្រូវស្ថិតក្រោមអាណាព្យាបាលអន្តរជាតិ បន្ទាប់ពីដំណាក់កាលបណ្តោះអាសន្ន ពោលគឺបន្ទាប់ពីបេសកកម្ម UNTAC ត្រូវបានបញ្ចប់នោះទេ។ អ្វីដែលកម្ពុជាត្រូវបន្តគោរពនោះ គឺកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជាបានភ្ជាប់ខ្លួនក្នុងឋានៈជាសមាជិកពេញសិទ្ធនៃអង្គការសហប្រជាជាតិ ដូចសមាជិកដទៃទៀតនៃអង្គការនេះតែប៉ុណ្ណោះ។ ពេលនេះ កម្ពុជាបានក្លាយ ហើយរក្សាខ្លួនជារដ្ឋអធិបតេយ្យពេញលេញដូចរដ្ឋឯទៀតនៃសហគមន៍អន្តរជាតិដែរ។
ជាការគួរឱ្យសោកស្តាយ ទោះបីមានការប្តេជ្ញាជាឱឡារិករបស់ភាគីផ្សេងទៀតនៃ «កិច្ចព្រមព្រៀង ស្តីពីអធិបតេយ្យ បូរណភាពទឹកដី ការមិនរំលោភបំពាន អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា» ក្នុងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទោះក្រោមរូបភាពណា ដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ ក៏កម្ពុជានៅបន្តទទួលរងនូវការប៉ុនប៉ងជាបន្តបន្ទាប់ក្នុងការផ្លាស់ប្តូររបបតាមមធ្យោបាយដែលគ្មានលក្ខណៈប្រជាធិបតេយ្យទាល់តែសោះ។
ក្នុងសុន្ទរកថាថ្លែងនាមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ ខែកញ្ញា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «ប្រវត្តិសាស្រ្តបានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញ ជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជំលោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្តាយនោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ។ ប្រសិនបើយើងអាចចាត់ទុកជាមេរៀននូវព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសំរេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។
ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ។»
នៅក្នុងរបាយការណ៍លេខ S/25289 នាឆ្នាំ១៩៩៣ អនុម័តដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ Boutros Boutros-Ghali បានសន្និដ្ឋានថា៖ «ក្នុងនាមជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ភាគីកម្ពុជាមានការទទួលខុសត្រូវមុនបង្អស់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ឯស្ថិរភាព និងសុខុមាលភាពទៅអនាគតរបស់កម្ពុជា គឺអាស្រ័យដោយប្រជាជនកម្ពុជាខ្លួនឯង»។ ដោយហេតុនេះ ជាការច្បាស់ណាស់ដែលថា ក្រោយពេលបេសកកម្មរបស់អង្គការសហប្រជាជាតិត្រូវបានបញ្ចប់ បញ្ហាថាតើត្រូវអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះយ៉ាងដូចម្តេចនោះ គឺជាបន្ទុករបស់កម្ពុជា។
គឺក្នុងស្មារតីអធិបតេយ្យជាតិនេះហើយ ដែលកម្ពុជាបានពង្រឹងការកាន់កាប់ជោគវាសនាខ្លួននៅក្នុងដៃ ដោយខិតខំជំនះការលំបាក ពុះពារឧបសគ្គ និងការប្រឈមខាងនយោបាយ សេដ្ឋកិច្ច ព្រមទាំងមនោគមវិជ្ជា និងវណ្ណៈ ដើម្បីរួមគ្នាកសាងប្រទេសជាតិឡើងវិញ។ យើងក៏ទទួលស្គាល់ដែរថា ខុសពីអត្ថបទដ៏ពិរោះនៃកិច្ចព្រមព្រៀង និងសុន្ទរកថា ខុសពីការញញឹម និងឱបរឹតគ្នា ការរៀនរស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា បន្ទាប់ពីបានប្រឆាំងគ្នា និងច្បាំងគ្នាអស់ច្រើនទស្សវត្សមក មិនមែនជាការងាយស្រួលឡើយ។ ប៉ុន្តែ ទោះបីការខុសគ្នាទាំងនេះ បានស្តែងចេញរហូតដល់មានការប៉ះទង្គិចដោយអាវុធក៏ដោយ ក៏ឆន្ទៈបង្រួបបង្រួមជាតិដឹកនាំដោយសម្តេចតេជោបាននាំគូភាគីនានាមករួមរស់ជាមួយគ្នា និងធ្វើការជាមួយគ្នាឡើងវិញ។ ឆន្ទៈនេះបាននាំឱ្យកម្ពុជាអភិវឌ្ឍប្រទេសជាតិយ៉ាងលឿន ក្នុងអត្រាកំណើនជាង ៧% ជាមធ្យម រយៈពេលជាង ២០ឆ្នាំ និងបាននាំឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរិតទាប នៅឆ្នាំ២០១៥ ឯអត្រានៃភាពក្រីក្រធ្លាក់ចុះនៅក្រោម ១០% នេះបើគិតពីមុនពេលជំងឺកូវីដ-១៩ បានបង្កើតវិបត្តិសុខាភិបាល សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ អត្រាអក្ខរកម្មបានកើនពី ៣៩% នៅឆ្នាំ១៩៩១ ដល់ ៨៨,៥% នៅឆ្នាំ២០១៩ ភ្ញៀវទេសចរបានកើនពី ២សែននាក់ ក្នុងឆ្នាំ១៩៩៥ ដល់ ៦.៦លាននាក់ នៅឆ្នាំ២០១៩ ហើយការនាំចេញផ្នែកវាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរ បានចេញពីគ្មានសោះ ដល់ជាង ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩។ សឹងតែគ្មានសោះនៅឆ្នាំ១៩៩៣ ៩៧%នៃភូមិទូទាំងប្រទេស ត្រូវបានភ្ជាប់អគ្គិសនីនៅឆ្នាំ២០២០។ ផ្លូវ ១៥,០០០គីឡូម៉ែត្រ ត្រូវបានកសាង ដោយចាក់បេតុង និងកៅស៊ូ ស្ពានថ្មីជាង២០ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ត្រូវបានកសាង។
នៅលើឆាកអន្តរជាតិ និងតំបន់វិញ កម្ពុជាបានក្លាយជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ២០០៤ ហើយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេស១៧៤។ ពីប្រទេសដែលធ្លាប់ទទួលកងទ័ពមួកខៀវ កម្ពុជាបានក្លាយជាប្រទេសរួមវិភាគទានកងទ័ព ដោយបញ្ជូនកងកំលាំងរបស់ខ្លួនចូលរួមបេសកកម្មរក្សាសន្តិភាពនៅអាហ្រ្វិក មជ្ឈឹមបូព៌ា និងនៅអឺរ៉ុប។ ចាប់ពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកំលាំងរបស់ខ្លួន ចំនួន ៧,៨២៦នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសចំនួន៩ គឺ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ ស៊ីប ម៉ាលី សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ យេមែន និងស៊ីរី។
៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កម្ពុជាបានក្លាយទៅជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិ ដោយស្មើមុខ ស្មើសិទ្ធិ និងមានរដ្ឋាភិបាលមួយដែលទទួលខុសត្រូវយ៉ាងពេញលេញចំពោះពលរដ្ឋរបស់ខ្លួន ក្នុងការកសាងអនាគតប្រកបដោយសន្តិភាព ស្ថិរភាព ភាពថ្លៃថ្នូរ និងការអភិវឌ្ឍ។
គឺជាកម្ពុជាដែលបានកំណត់យ៉ាងជាក់ច្បាស់ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន លើកដំកើង និងការពារគុណតំលៃ ផលប្រយោជន៍ និងគោលនយោបាយជាតិ និងអន្តរជាតិ។ កម្ពុជានឹងប្រកាន់ខ្ជាប់ និងការពារជាដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ អព្យាក្រឹត្យភាពអចិន្រ្តៃយ៍ និងបូរណភាពទឹកដី ព្រមទាំងប្តេជ្ញាយ៉ាងមុះមុតក្នុងការបំពេញរាល់កាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនក្នុងតំបន់ក៏ដូចជានៅលើ សកលលោក។
ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣ ចាប់តាំងពីយើងបានក្លាយជាសមាជិកពៅគេនៃសមាគមនេះ ក្នុងស្ថានភាពដែលតំបន់របស់យើងកំពុងប្រឈមនឹងវិបត្តិពហុវិស័យដែលបង្កឡើងដោយកូវីដ-១៩ និងការប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺរាលដាលនេះផង ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយយ៉ាងស្វិតស្វាញរវាងមហាអំណាចធំៗផង ដែលរាលដាលដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា រហូតដល់មនោគមវិជ្ជាថែមទៀត។ តំបន់យើងផ្ទាល់ក៏ជួបប្រទះបញ្ហាស្មុគស្មាញចាក់ស្រែះ មានការត្រឡប់មកវិញនៃភាពតានតឹងនៅឧបទ្វីបកូរ៉េដោយសារការបាញ់សាកល្បងកាំជ្រួច ទោះបីកូរ៉េទាំងពីរបានភ្ជាប់ខ្សែរទំនាក់ទំនងផ្លូវការជាមួយគ្នាឡើងវិញក៏ដោយ សមយុទ្ធ និងការបង្ហាញសាច់ដុំនៅសមុទ្រចិនខាងត្បូង កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើស្ថិរភាពតំបន់នេះ ក៏ដូចជាលើការចរចា ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)។ ឯវិបត្តិនយោបាយ-សន្តិសុខនៅមីយ៉ាន់ម៉ា កំពុងបង្កើតស្ថានភាពដ៏លំបាកមិនធ្លាប់មាននៅផ្ទៃក្នុងអាស៊ានខ្លួនឯងផង និងក្នុងទំនាក់ទំនងជាមួយដៃគូសន្ទនារបស់ខ្លួនផង។ ក្នុងពេលដែលយើងរំលឹកខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងសង្ឃឹមថាមេរៀនទាំងឡាយដែលទទួលបាននៅកម្ពុជា ក្នុងការសំរេចនូវសន្តិភាព និងការផ្សះផ្សារជាតិនោះ អាចនឹងជួយរួមវិភាគទានដល់ដំណោះស្រាយវិបត្តិនៅប្រទេសជាបងប្អូនគ្រួសារអាស៊ានមួយនេះ។ តាមរយៈមូលបទដែលបង្រួបបង្រួមកំលាំង កម្ពុជា ក្នុងឋានៈជាប្រធាន នឹងអំពាវនាវ ចលនាសមាជិកក្នុងសហគមន៍ដែលយើងកំពុងរួមគ្នាកសាងនោះ ឱ្យធ្វើសកម្មភាពជាមួយគ្នា ដើម្បីឆ្លើយតបដោះស្រាយការប្រឈមដ៏ច្រើន និងស្មុគស្មាញដែលយើងកំពុងជួប។ យើងសង្ឃឹមថា ជាមួយនឹងសាមគ្គីភាពដ៏ខ្លាំងក្លាពីសំណាក់សមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ កម្ពុជានឹងអាចជួយរុញដំណើរការកសាងសហគមន៍អាស៊ានទៅមុខ ពង្រឹងមជ្ឈភាពអាស៊ាន រក្សាតួនាទីដ៏សំខាន់សំរាប់ពាណិជ្ជកម្មសកល វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តាមរយៈការជំរុញការអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
ខែក្រោយនេះ កម្ពុជានឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ បើកុំតែជំងឺកូវីដ-១៩ បន្តយាយីរហូតដល់ពេលនេះ ម្លេះសមកម្ពុជាកំពុងមមាញឹកដុតដៃដុតជើងត្រៀមទទួលមេដឹកនាំពីអាស៊ី និងអឺរ៉ុប ៥០ ប្រទេស ព្រមទាំងប្រធាន និងអគ្គលេខានៃស្ថាប័នតំបន់ទាំង២ ទៀតផង។ តាមរយៈប្រព័ន្ធវីដេអូ កិច្ចពិភាក្សានៃថ្នាក់ដឹកនាំទ្វីបទាំងពីរ នឹងផ្តោតទៅលើបញ្ហានានាជុំវិញមូលបទដែលកម្ពុជាបានជ្រើសរើស គឺ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម»។ យើងសង្ឃឹមថា កិច្ចប្រជុំកំពូលនេះនឹងមូលមតិគ្នាក្នុងការពង្រឹងពហុភាគីនិយម ដោយមានអង្គការសហប្រជាជាតិជាស្នូល ដើម្បីប្រមូលកំលាំងសាមគ្គីភាពអន្តរជាតិ យកឈ្នះលើការប្រឈមទាំងឡាយ ជំរុញសន្តិភាព ការអភិវឌ្ឍដោយចីរភាព និងវិបុលភាពរួមសំរាប់ទាំងអស់គ្នា។
កម្ពុជាក៏នឹងបន្តគាំទ្រកិច្ចប្រឹងប្រែង និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការឆ្លើយតបដោះស្រាយបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយកសាង និងរក្សាសន្តិភាព និងការពារជនស្លូតត្រង់នៅលើលោក។
រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនចំពោះពលរដ្ឋគ្រប់រូប ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការការពារសិទ្ធិចំបង និងជាមូលដ្ឋាន ជូនពលរដ្ឋ ដែលមុនគេបង្អស់គឺ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលសេវាសុខាភិបាលការពារនឹងជំងឺកូវីដ-១៩។ និយាយឱ្យស្រួលស្តាប់គឺសង្រ្គោះជីវិតពលរដ្ឋយើង និងបង្កលក្ខណៈសម្បត្តិអំណោយផលដើម្បីឱ្យពលរដ្ឋយើងត្រឡប់ទៅធ្វើការវិញ កូនចៅរបស់យើងចូលសាលារៀនវិញ និងឱ្យការរកស៊ីវិលទៅរកប្រក្រតីភាពវិញ។ ក្នុងន័យនេះ ហើយគិតមកដល់ថ្ងៃនេះ ជាលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ៨៥.៣% នៃប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងរួចហើយ ក្នុងនោះមាន ៩៩.៧% ជាមុខសញ្ញាចាប់ពីអាយុ១៨ឆ្នាំឡើងទៅ និងជាង ៩០% នៃក្មេងអាយុចាប់ពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ។ រាជរដ្ឋាភិបាលបានកសាង និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព ដែលមានការគិតគូរជ្រាលជ្រៅ ហ្មត់ចត់ ដើម្បីវិបុលភាពសម្រាប់ប្រជាជនខ្មែរគ្រប់រូប ដោយចាប់យកគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
កាលពីថ្ងៃចន្ទមុននេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយនូវក្រដាសប្រាក់ថ្មីមានតំលៃ ៣០ ០០០រៀល។ នៅលើក្រដាសប្រាក់នេះ ដែលត្រូវបានលើកគំរោងតាំងពីឆ្នាំទៅមិញម្ល៉េះ មានសរសេរថា «អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១-២០២១)» ព្រមទាំងបង្ហាញរូបព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការយាងនិវត្តន៍របស់ព្រះករុណា មកកាន់មាតុភូមិវិញ នៅឆ្នាំ១៩៩១។
តាមរយៈការបោះពុម្ពផ្សាយក្រដាសប្រាក់នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេច ហ៊ុន សែន ស្ថាបត្យករទីមួយ និងសំខាន់បំផុតនៃកិច្ចព្រមព្រៀងក្រុងប៉ារីស បញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃសមិទ្ធិផលជាប្រវត្តិសាស្ត្រ និងរំលឹកប្រជាពលរដ្ឋទាំងអស់ អំពីគុណបំណាច់នៃកិច្ចព្រមព្រៀង និងអ្នកដែលបានរួមគ្នាសម្រេចកិច្ចព្រមព្រៀងនោះ ចំពោះសន្តិភាព និងការបង្រួបបង្រួមជាតិ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសំដែងការដឹងគុណជាថ្មីម្តងទៀត ចំពោះប្រទេសជាមិត្តទាំងអស់ ដែលបានរួមវិភាគទានដ៏ធំធេងដល់របត់ជាប្រវត្តិសាស្ត្រនេះ កាលពី៣០ឆ្នាំមុន។ ខ្ញុំក៏សូមសំដែងការដឹងគុណដល់បណ្តាប្រទេសជាដៃគូដទៃទៀត ដែលទីនេះខ្ញុំសូមលើកអំពីប្រទេសចិន ដែលបច្ចុប្បន្នជាដៃគូពាណិជ្ជកម្ម វិនិយោគ និងម្ចាស់ជំនួយដ៏សំខាន់បំផុតរបស់យើង ដែលបានចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងមិនខ្លាចនឿយហត់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ថា ទោះបីស្ថិតនៅក្នុងគន្លងនៃប្រក្រតីភាពថ្មីក្តី ក៏កម្ពុជានឹងនៅតែជាប្រទេសដែលបើកចំហ ផ្តល់សេរីភាព និងការគាំពារដល់ជនទាំងអស់ដែលរស់នៅ និងរីករាយក្នុងសង្គមមួយ ដែលគោរពគន្លងច្បាប់ និងសិទ្ធិស្មើភាពរបស់អ្នកទាំងអស់គ្នា។ កម្ពុជានឹងនៅតែជាប្រទេសដែលផ្តល់ការគាំទ្រ និងវិភាគទានតាមសមត្ថភាព និងការប្តេជ្ញារបស់ខ្លួនដល់កិច្ចប្រឹងប្រែងនានា ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពលើសកលលោក។ ឈរលើគោលការណ៍ «ពង្រីកមិត្តនៅក្រៅប្រទេសដោយឈរលើស្មារតីឯករាជ្យជាតិ» កម្ពុជានឹងបន្តបង្ហាញថា ប្រទេសយើងតូចមែនតែបេះដូងយើងធំ៕