ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

U23 កម្ពុជា លត់ហុងកុង ៤-២ ក្នុងជំនួបបើកឆាកពូល K នៃវគ្គជម្រុះពាន AFC U23 Asian Cup 2022 នៅជប៉ុន

89

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុពេញ សម្រាប់ប្រកួតបើឆាកពូល K នៃវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ក្រោយលត់ក្រុម U23 ហុងកុង យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ តាំងពីដើមវគ្គទី១ ដោយបានបង្កើតឱកាស និងដាក់សម្ពោធជាច្រើនលើក្រុម U23 ហុងកុង រហូតដល់នាទី៤០ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកម្ពុជា សៀង ចន្ធា បានបណ្ដើរបាល់ និងញាក់ខ្សែការពារហុងកុង ហើយស៊ុតបញ្ចប់ទីជួយឲ្យក្រុម U23 កម្ពុជា បើកការនាំមុខ ១គ្រាប់មុន ។

ចូលវគ្គទី២ ក្រុមយុវជន U23 កម្ពុជា នៅតែរក្សាទម្រង់លេងដ៏ល្អ ពិសេសក្នុងរយៈពេល ៧នាទី កម្ពុជាបានស៊ុតបំប៉ោងសំណាញ់ទីក្រុម U23 ហុងកុង ៣គ្រាប់បន្ថែមទៀត ដោយកីឡាករ សៀង ចន្ធា នៅនាទី៥៤, កីឡាករ ស៊ិន កក្កដា នៅនាទី៥៦ និងកីឡាករ មិន រតនៈ នៅនាទី៦១ មុនក្រុមកីឡាករហុងកុង វាយបកបាន ២គ្រាប់វិញ នៅនាទី៨២ និងនៅនាទី៩០+៣។

ជ័យជម្នះនេះ បានក្លាយជាដើមទន់ដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ដើម្បីក្ដោបឱកាសប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយ(ជុំផ្ដាច់ព្រ័ត្រ) នៃពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ីនេះ មុនក្រុម U23 កម្ពុជា ត្រូវធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ក្នុងជំនួបបញ្ចប់ពូល K នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ខាងមុខ នៅកីឡដ្ឋាន J-Village ដដែល។

គួរដឹងថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមាន ៤១ក្រុមចូមរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជា ស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន ។ ក្រោមបញ្ចប់ការប្រកួតនេះ ក្រុមឈរលេខ១ នៃពូលនីមួយៗ រួមទាំងក្រុមលេខ២ ល្អជាងគេចំនួន ៤ក្រុម នឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង