ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ ត្រៀមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀវ នៅក្នុងភូមិសាស្ត្រងាយរងគ្រោះ

97

 

ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំអោយទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ បានណែនាំអោយក្រុមការងារដឹកនាំកម្លាំងលើកទំនប់ទប់ទឹក ចុះកើបកាយយកកាកសំណល់ ចេញពីមាត់លូព្រមទាំងដោះស្រាយទឹកដក់តាមបណ្តោយផ្លូវជាតិលេខ១ និងត្រួតពិនិត្យសកម្មភាពជីកដាក់ លូថ្មី ។

៣ថ្ងៃនេះរួមមានថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌ ច្បារអំពៅដឹកនាំដោយលោកណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌបានបែងចែកកម្លាំងចុះធ្វើការងារ ៤គោលដៅផ្សេងគ្នាដើម្បីបង្កើនការប្រុងប្រយ័ត្ន និងត្រៀមដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀវក្នុងរដូវវស្សា ។

ទីតាំងដែលក្រុមការងាររដ្ឋបាលខណ្ឌ ចុះទៅកាយប្រឡាយ ជីកកប់លូរ លើក ទំនប់ទប់ទឹក និងកើបកាយយកកាកសំណល់ចេញពីមាត់លូ រួមទាំងបូមទឹក ចេញពីចិញ្ចើមផ្លូវជាតិលេខ១ បានធ្វើឡើងចំនួន៤ទីតាំង រួមមាន
ទីតាំងទី១-នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លេាក ណុប ផា និង លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បាន ដាក់គ្រឿងចក្រកាយប្រឡាយដើម្បីរំដោះទឹកចេញពីលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយទឹកភ្លៀង ស្ថិតក្នុងភូមិរបោះអង្កាញ់ និង របោះអង្កាញ់១ ក្នុងសង្កាត់ព្រែកឯង។

ទីតាំងទី២-អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅនៅព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ពេលភ្លៀងកំពុងតែធ្លាក់ខ្លាំង លោកគុយ គឹមហៀង ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន និង សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ខណ្ឌបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះកាយបង្ហូរទឹកដែលដក់លើផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធ វាលស្បូវ និងផ្លូវលេខ ១១៤ ហៅជាទូទៅថាផ្លូវរោងចក្រថៃហ្គ័រ ក្នុងភូមិសាស្ត្រ សង្កាត់ព្រែកឯង ។

ទីតាំងទី៣-នៅថ្ងៃសុក្រ ទី២២ ខែ តុលា ឆ្នាំ ២០២១ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ បានចាត់លោក ណុប ផា អភិបាលរងខណ្ឌ និងលោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ យុវជន និង ប្រជាការពារសង្កាត់វាលស្បូវ ចុះលើកទំនប់ទប់ទឹកនៅចំណុចទួលជ្រំ ស្ថិតក្នុងភូមិក្តីតាកុយ ដើម្បីការពារកុំឲ្យទឹកហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានរៀបចំដាក់ម៉ាសុីនបូមទឹកចេញពីតំបន់លិចលង់នេះដែរ។

ទីតាំងទី៤-នៅសុក្រទី២២ ខែតុលា ឆ្នាំ២០២១ ម៉ោង ៨:០០ នាទី ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ សហកាជាមួយសប្បុរសជន រៀបចំដាក់បណ្តាញលូចំនួន១ខ្សែប្រវែង ២៥០ ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិតាងៅកណ្តាល សង្កាត់និរោធ ដើម្បីរំដោះទឹកភ្លៀង។
ដោយឡែក ដើម្បីកែលំអរបរិវេណ នៅក្នុងអាគាររដ្ឋបាលសាលាខណ្ឌ អោយមានសោភ័ណ្ឌភាព នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងគាស់កាយយកការ៉ូឡាចាស់ចេញពីបរិវេណសាលាខណ្ឌ ហើយចាក់បេតុងថ្មីឡើងវិញ ជំនួសការ៉ូឡាដែលមានសភាពបែកបាក់ស្រុតស្ទើគ្រប់កន្លែង ។

ឃើញសភាពបែបនេះលោកអភិបាលខណ្ឌបានណែនាំអោយក្រុមការងាររដ្ឋបាលខណ្ឌរៀបចំបរិវេណសាលាអោយមានសោភ័ណ្ឌភាពឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង