រាជរដ្ឋាភិបាល លុបចោល បម្រាមផ្អាកជើង ហោះហើរត្រង់ពី ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនមកកាន់កម្ពុជាចាប់ពីថ្ងៃទី ២៣ តុលា
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសលុបចោលបម្រាមផ្អាកជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកាន់កម្ពុជាចាប់ពីថ្ងៃទី ២៣ ខែតុលា ដើម្បីបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គមជាជំហានៗ។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌នៅថ្ងៃទី ២៣ ខែតុលាថា៖ «គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ សូមប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ និងចុះថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គមជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី»។