នាវាចម្បាំងរុស្ស៊ី និងចិន ដឹកនាំប្រតិបត្តិការល្បាតរួមគ្នា ក្នុងតំបន់ប៉ាស៊ីហ្វិក
ម៉ូស្គូ៖ នាវាចម្បាំងរុស្ស៊ី និងចិនជាច្រើនគ្រឿងបានចូលរួមក្នុងការធ្វើប្រតិបត្តិការល្បាតរួមគ្នាមួយ នៅឯតំបន់ប៉ែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលានេះ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។
ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ដែលទើបតែបានដឹកនាំការធ្វើសមុទ្រយោធាជើងទឹករួមគ្នាកាលពីដើមខែតុលា នៅឯតំបន់សមុទ្រជប៉ុនផងនោះ ត្រូវបានគេមើលឃើញ ថាបាន និងកំពុងពង្រឹងទំនាក់ទំនងយោធា និងការទូតកាន់តែជិតស្និទនឹងគ្នា ខណៈទំនាក់ទំនងរបស់ពួកគេជាមួយលោកខាងលិចកំពុងតានតឹង។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន, ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដែរថានាវាចម្បាំងនៃប្រទេសទាំង២ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Tsugaru ជាលើកដំបូង នៅក្រោមប្រតិបត្តិការល្បាតរួមគ្នា ដែលនេះបានបង្ហាញពីការចូលរួមរបស់រុស្ស៊ី និងចិនក្នុងការថែរក្សាសន្តិភាព ព្រមទាំងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌ-ប៉ាស៊ីហ្វិក។ តំបន់ ច្រកសមុទ្រ Tsugaru គឺជាដែនទឹកអន្តរជាតិ៕