ក្រុមU23 កម្ពុជាឈ្នះហុងកុង ៤ទល់២ នៃក្នុងជម្រុះពានរង្វាន់ AFC U23 Asian Cup 2022
ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានយកឈ្នះក្រុម U23 កោះហុងកុង ក្នុងលទ្ធផល ៤ទល់២ នៃ
ព្រឹត្តិការណ៍ជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ពូល K នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុនកាលរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះ។
ក្នុងជំនួបបើកឆាកពូល K នេះ ក្រុមកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ជាមួយការទាត់បាល់បំប៉ោងសំណាញ់ក្រុម U23 ហុងកុង ៤គ្រាប់មុន ដោយកីឡាករ សៀង ចន្ធា ២គ្រាប់ នៅនាទី៤០ និងនាទី៥៤ មុនមិត្ដរួមក្រុម ស៊ិន កក្កដា និង មិន រតនៈ បន្ថែមម្នាក់ ១គ្រាប់ទៀត នៅនាទី៥៦ និងនាទី៦១។
ជាង ១០នាទីចុងក្រោយទៀតបញ្ចប់ការប្រកួតនោះក្រុម U23 ហុងកុង វាយបកបាន ២គ្រាប់វិញ ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធ Lam Lok Kan Jordan ទាំង ២គ្រាប់ នៅនាទី៨១ និងនាទី៩០+៣។ គ្រាប់ទី២ របស់ហុងកុង គឺជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីខ្សែបម្រើ-ការពារ សឿត ណាវ៉ា បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។
ពេលនេះក្រុម U23 កម្ពុជា មាន ៣ពិន្ទុពេញឈរកំពូលតារាងពូល K ជាបណ្ដោះអាសន្ន មុនឈានទៅប្រកួតបញ្ចប់ពូលជាមួយក្រុមម្ចាស់ផ្ទះ U23 ជប៉ុន នាថ្ងៃទី២៦ ខែតុលា។ ការប្រកួតជាមួយជប៉ុន កម្ពុជាត្រូវការយ៉ាងហោច ១ពិន្ទុ ដើម្បីមានសង្ឃឹមបានឡើងទៅវគ្គបន្ដ នៃពានរង្វាន់យុវជន U23 ជើងឯកទ្វីបអាស៊ីនេះ៕