នគរបាលក្រុងបាត់ដំបង បង្ក្រាបសង្វៀនជល់មាន់១កន្លែង ឃាត់ខ្លួនមនុស្ស០៤នាក់
បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង២៤នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (ភ្នាល់មាន់ជល់) ចំនួន០១ករណី នៅចំណុចភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ និងវត្ថុតាងមួយចំនួន នាំមកកាន់ស្នងការដ្ឋានដើម្បីអនុវត្តតាមនីតិវិធី ។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕