ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល១៣ថ្ងៃ កងទ័ពចាក់ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៤៦ម៉ឺននាក់

35

 

ភ្នំពេញ៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៤៦ម៉ឺននាក់ហើយក្នុងរយៈពេល១៣ថ្ងៃកន្លងទៅនេះ។

ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ទទួលភារកិច្ចចាក់ដូសជំរុញនៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។

យោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃម្សិលមិញនេះ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបានចំនួនសរុប ៤៦៧,០៤១នាក់ ក្នុងនោះមានស្រ្តី ២៦៥,៧៣៧នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានបញ្ជាក់ ថា ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដំណើរការបានល្អប្រសើរទៅតាមគ្រោងទុកមិនមានឧបសគ្គអ្វីច្រើននោះឡើយ។ លោកក៏បានកត់សម្គាល់ឃើញដែរថា ប្រជាពលរដ្ឋបានចូលរួមចាក់វ៉ាក់សាំងដូសជំរុញនេះយ៉ាងសស្រាក់សស្រាំ។

បើទោះបីជាយ៉ាងណានាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅតែបន្តអំពាវនាវប្រជាពលរដ្ឋទោះបីរវល់អ្វីក៏ដោយ ត្រូវតែឆ្លៀតទៅចាក់ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបានកងការពារសុខភាពកាន់តែប្រសើរពីមេរោគកូវីដ១៩។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុននានា ជួយផ្តល់ឱកាសឱ្យបុគ្គលិក កម្មករ និយោជិត បម្រើការងារនៅតាមក្រុមហ៊ុនរបស់ខ្លួន ព្រមទាំងកម្មករនៅតាមការដ្ឋានសំណង់ បានទៅចាក់ដូសជំរុញឱ្យបានគ្រប់គ្នា។

សូមបញ្ជាក់ដែរថា សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយកងទ័ពនេះ គឺកងទ័ពចាក់តែពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២មក រយៈពេលយ៉ាងតិចបំផុត ៤ខែ។

គួររំលឹកថា៖ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១ គឺបណ្ណចាក់វ៉ាក់សាំង, បើមិនទាន់បានបណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី១ និងទី២។

ក្នុងនោះបើប្រជាពលរដ្ឋបាត់បណ្ណ ឬបាត់លិខិតទម្រង់ចាក់វ៉ាក់សាំង គឺអាចរាយការណ៍ជូនក្រុមការងារផ្ទាល់នៅទីនោះ ហើយក្រុមការងារនឹងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធ។ បើរកឃើញមានព័ត៌មាននៅក្នុងប្រព័ន្ធ គឺក្រុមការងារនឹងចាក់វ៉ាក់សាំងដូសទី៣ជូន និងរៀបចំធ្វើបណ្ណជូនឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង