ពិនិត្យទីតាំងដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍ប្រកួតទូកក្តោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១
ព្រះសីហនុ៖ឯកឧត្តមវ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋាន
កីឡា និងលោកថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតទូកក្តោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានសហការរៀបចំជាមួយសហព័ន្ធទូកក្តោងសិង្ហបុរី។
តាមរយៈកិច្ចប្រជុំនោះឯកឧត្តមវ៉ាត់ចំរើនបានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារអនុគណៈកម្មការជំនាញនីមួយៗ របស់គណៈកម្មការដើម្បីរៀបចំប្រកួតកីឡា ទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១នៅខេត្តព្រះសីហនុដែលបានសម្រេចការងារសំខាន់ៗរួមមាន៖ការរៀបចំសេចក្តីណែនាំការប្រកួត(Notice of Race)នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រាប់ការប្រកួត(SoP)និងប្រព័ន្ធចុះឈ្មោះអ្នកចូលរួម
តាមរយៈគេហទំព័រផ្លូវការ និងប្រព័ន្ធទូរស័ព្ទឆ្លាតវៃ (Mobile Application) ការរៀបចំទីតាំងប្រកួតផ្ទាល់ នៅលើលំហសមុទ្រ និងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុការរៀបចំបន្ទប់ស្នាក់នៅ និងការហូបចុក ការត្រៀមទទួលបដិសណ្ឋារកិច្ច និងដឹកជញ្ជូនប្រតិភូកីឡា និងកីឡាករជាតិ-អន្តរជាតិ ផែនការរៀបចំសន្តិសុខ សណ្ឋាប់ធ្នាប់ និងការគ្រប់គ្រងហានិភ័យនានា ការត្រួតពិនិត្យនិងធ្វើតេស្តរកជំងឺកូវីដ-១៩ និងនីតិវិធីសុខាភិបាលនានាការសម្អាត គោលដៅប្រកួតជាគោលដៅ សុវត្ថិភាពនិងការជំរុញផ្សព្វផ្សាយ ពីព្រឹត្តិការណ៍ក្នុងស្រុកនិងក្រៅប្រទេស និងការងារទីផ្សារចលនូបត្ថម្ភ។
ប្រតិភូ បានចុះពិនិត្យផ្ទាល់ទីតាំងសណ្ឋាគារសុខា ដោយបានពិនិត្យទីតាំងសំខាន់ៗរួមមាន៖ ទីតាំងប្រារព្ធពិធីបើក-បិទ ទីតាំងរៀបចំស្តង់កីឡាករប្រកួត ការកំណត់ទំហំលំហរសមុទ្រសម្រាប់ការប្រកួត ទីតាំងទទួលបដិសណ្ឋារកិច្ច-ហូបចុក-ស្នាក់នៅ ទីតាំងសម្រាប់ ផ្សព្វផ្សាយព្រឹត្តិការណ៍ ទីតាំងហ្វឹកហាត់របស់កីឡាករ និងបានពិភាក្សាលម្អិត ជាមួយតំណាងសណ្ឋាសុខា ខេត្តព្រះសីហនុ លើនីតិវិធី និងដំណើរការរៀបចំ ជាទូទៅអំឡុងពេលប្រកួត៕