ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញ ដើរកម្សាន្តមានជិត១៤ម៉ឺននាក់

42

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៩,៨៦៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,៣៦៦នាក់។

លោករដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

*ខេត្តព្រះសីហនុ ៣០,៩២៦នាក់
*រាជធានីភ្នំពេញ ២៥,៤៩៣នាក់
*ខេត្តកំពត ១៧,៩៧៤នាក់
*ខេត្តកែប ៩,៦១៦នាក់
*ខេត្តសៀមរាប ៨,៦១៨នាក់
*ខេត្តកំពង់ស្ពឺ ៧,៨៨៥នាក់
*ខេត្តមណ្ឌលគិរី ៥,៩៨៤នាក់
*ខេត្តពោធិ៍សាត់ ៥,៦៦៥នាក់
*ខេត្តកណ្តាល ៥,៣២៥នាក់។

ជាការកត់សម្គាល់ លោក ថោង ខុន បានបញ្ជាក់ថា តួលេខនេះមានការកើនឡើងប្រមាណ ១.២៧% ធៀបនឹងសប្តាហ៍កន្លងមក។

បើតាមលោក ថោង ខុន បានឱ្យដឹងថា ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តព្រះសីហនុ កំពត និងកែប ជាគោលដៅសំខាន់ដែលបានស្រូបទាញភ្ញៀវទេសចរច្រើនរហូតដល់ប្រមាណ ៤២% នៃចំនួនភ្ញៀវសរុប។ ទន្ទឹមនឹងនេះ ខេត្តសៀមរាប ក៏បានបង្ហាញសញ្ញានៃការងើបឡើងវិញជាបណ្តើរៗ ខណៈដែលគោលដៅទេសចរណ៍ខេត្តកំពង់ស្ពឺ មណ្ឌលគិរី ពោធិសាត់ នៅតែជាគោលដៅពេញនិយមនាចុងសប្តាហ៍កន្លងមក។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សភាពការណ៍ជារួម មិនមានបញ្ហាអ្វីគួរកត់សម្គាល់ទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) នៅតាមមូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍នានា ពិសេសការអនុវត្តវិធានការ «៣កុំ និង៣ការពារ៕

អត្ថបទដែលជាប់ទាក់ទង