ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និយ័តករគណនេយ្យនិងសវនកម្ម នឹងអនុវត្តវិធានការតឹងរឹង និងគត់ហ្មត់លើការ អនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មរបស់សហគ្រាសជាកំហិត ករណីល្មើសសហគ្រាសនឹងទទួលរងទោសទណ្ឌ

270

 

ភ្នំពេញ៖ ឆ្លើយតបជាមួយនឹងការស្នើសុំពីសំណាក់សភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១, និយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យនិងសវនកម្ម» និង «បទប្បញ្ញត្តិពាក់ព័ន្ធ» សម្រាប់សមាជិកសភាពាណិជ្ជកម្មកម្ពុជា។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរបស់និយ័តករគណនេយ្យ និងសវនកម្ម និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសហការី និងមានសិក្ខាកាម ចូលរួមប្រមាណជាង២២៥នាក់ តាមកម្មវិធី Zoom។

ក្នុងឱកាសនោះ លោកឧកញ៉ា ងួន ម៉េងតិច បានធ្វើសុន្ទរកថាស្វាគមន៍ និងបានបង្ហាញឆន្ទៈ ក្នុងការសហការជាមួយនិយ័តករ ដើម្បីជំរុញឲ្យសមាជិកចូលរួម ការអនុវត្តកាតព្វកិច្ចនានា ដែលតម្រូវដោយច្បាប់។

លោក ប៊ូ ថារិន បានថ្លែងសុន្ទរកថា បើកសិក្ខាសាលា ដោយបានលើកឡើងអំពីសារបាននៃច្បាប់គណនេយ្យនិងសវនកម្ម និងសារៈសំខាន់នៃសិក្ខាសាលា សម្រាប់សហគ្រាស និងបានគូសបញ្ជាក់អំពីកាតព្វកិច្ចនានា ដែលសហគ្រាសត្រូវអនុវត្ត ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ពាក់ព័ន្ធនឹងវិស័យគណនេយ្យនិងសវនកម្ម។

លោកអគ្គនាយក បានសង្កត់ធ្ងន់ថា សហគ្រាសត្រូវអនុវត្តកាតព្វកិច្ចជាសារវន្តចំនួន៣គឺ៖ ការកាន់បញ្ជីគណនេយ្យ, ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាគណនេយ្យជាធរមាន និងការដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យ តាមលក្ខខណ្ឌកំណត់ដោយច្បាប់។

លោកអគ្គនាយក ក៏បានរំលឹកដល់សហគ្រាសទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចនានា ឲ្យបានត្រឹមត្រូវដើម្បីផលប្រយោជន៍របស់សហគ្រាសផង សាធារណជនផង និងរាជរដ្ឋាភិបាលផង។ ការមិនអនុវត្តតាមកាតព្វកិច្ចណាមួយ គឺជាកម្មវត្ថុនៃពិន័យអន្តរការណ៍ ស្របតាមអនុក្រឹត្យ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម។

គួរបញ្ជាក់ផងដែរថា ការដាក់ចេញនូវច្បាប់និងវិធានពាក់ព័ន្ធ នឹងគណនេយ្យនិងសវនកម្មមិនមែនជាការដាក់កំហិត ឬការកំណត់ព្រំដែននៃសិទ្ធិ ក្នុងការប្រកបអាជីវកម្មរបស់វិនិយោគគិន និងធុរជននោះទេ ផ្ទុយទៅវិញជាឧបករណ៍សម្រាប់លើកស្ទួយ គាំពារ ការពារ និងជួយទ្រទ្រង់ដល់ធុរកិច្ច ការវិនិយោគ ពង្រឹងចំណូលសារពើពន្ធ និងសេដ្ឋកិច្ចជាតិ។

បន្ទាប់ពីមតិបើករបស់លោកអគ្គនាយក និងការធ្វើបទបង្ហាញដោយមន្ត្រីបច្ចេកទេស ទៅលើទិដ្ឋភាពច្បាប់និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធរួចមក សិក្ខាកាមបានសាកសួរបញ្ជាក់បន្ថែម ពីការអនុវត្តកាតព្វកិច្ចទាំងបីខាងលើ ហើយរាល់សំណួរ និងចម្ងល់ដែលសិក្ខាកាមបានលើកឡើង ក្នុងសិក្ខាសាលា ត្រូវបាន លោក សេង តុលា អគ្គនាយករងបានឆ្លើយបំភ្លឺយ៉ាងច្បាស់លាស់ជូនអង្គសិក្ខាសាលាផងដែរ។

សូមជម្រាបផងដែរថា ចាប់ពីឆ្នំា២០២១ នេះតទៅ និយ័តករគណនេយ្យនិងសវនកម្ម នឹងអនុវត្តវិធានការតឹងរឹង និងគត់ហ្មត់លើការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មរបស់សហគ្រាសជាកំហិត ករណីល្មើសសហគ្រាសនឹងទទួលរងទោសទណ្ឌ អនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

លោកអគ្គនាយក បានថ្លែងអំណរគុណ និងជូនពរ ថ្នាក់ដឹកនាំនិងមន្ត្រីនិយ័តករគណនេយ្យនិងសវនកម្ម និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសិក្ខាកាមទាំងអស់សូមមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងចៀសផុតពីជំងឺកូវីដ១៩ គ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង