ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសចិន ជួបពិភាក្សាជាមួយ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលតាលីបង់ នៅប្រទេសកាតា និងស្វែងយល់ បញ្ហាសំខាន់ៗមួយចំនួន

108

ដូហា៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជួបជាមួយលោក អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) ឧបនាយករដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលតាលីបង់ នៅរដ្ឋធានីដូហា (Doha) ប្រទេសកាតា (Qatar) ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។

ក្នុងជំនួបនោះ លោក Wang Yi បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថាន នាពេលបច្ចុប្បន្ននេះ កំពុងប្រឈមមុខនឹងឱកាសជាប្រវត្តិសាស្ត្រមួយ ដើម្បីគ្រប់គ្រងជោគវាសនារបស់ខ្លួនយ៉ាងពិតប្រាកដ ដែលសម្រេចបាននូវការផ្សះផ្សា និងការអត់ឱន និងជំរុញការកសាងជាតិឡើងវិញ។

លោក Wang Yi បាននិយាយបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ប្រទេសអាហ្វហ្គានីស្ថាន កំពុងប្រឈមមុខនឹងបញ្ហាប្រឈមចំនួន ៤ ដូចជា៖ វិបត្តិមនុស្សធម៌ ភាពចលាចលនៃសេដ្ឋកិច្ច ការគំរាមកំហែងភេរវកម្ម និងបញ្ហាអភិបាលកិច្ច ដោយលោក Wang Yi បានសង្កត់ធ្ងន់ថា ការយកឈ្នះលើបញ្ហាប្រឈមទាំងនេះ គឺទាមទារការយល់ដឹង និងការគាំទ្របន្ថែមទៀតពីសហគមន៍អន្តរជាតិ។

លោក Wang Yi បានសម្តែងក្តីសង្ឃឹមរបស់គាត់ថា ក្រុមតាលីបង់ នឹងបង្ហាញបន្ថែមទៀតនូវការបើកចំហ និងការអត់ឱន ក៏ដូចជាការបង្រួបបង្រួមក្រុមជនជាតិភាគតិច និងក្រុមអ្នកបះបោរទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីធ្វើការរួមគ្នាសម្រាប់ការកសាងឡើងវិញដោយសន្តិភាព ព្រមទាំងការការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី និងកុមារប្រកបដោយប្រសិទ្ធិភាព។

ជុំវិញបញ្ហានេះ លោក Mullah Abdul Ghani Baradar ក៏បានសម្តែងក្តីសង្ឃឹមរបស់ខ្លួនថា ប្រទេសចិន និងសហគមន៍អន្តរជាតិ នឹងបង្កើនជំនួយដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយប្រទេសនេះជំនះលើវិបត្តិមនុស្សធម៌ និងត្រឡប់ទៅរកផ្លូវត្រូវនៃការអភិវឌ្ឍន៍ឡើងវិញ។

លោក Baradar ក៏បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលជាប្រទេសជិតខាងដ៏សំខាន់របស់ប្រទេសអាហ្វហ្គានីស្ថាន សម្រាប់ការគោរព និងមិត្តភាពដែលបានបង្ហាញចំពោះប្រទេសអាហ្វហ្គានីស្ថាន ក្នុងគ្រាដ៏លំបាកនេះផងដែរ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានី Doha លោក Wang Yi ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសស្ដីទី នៃប្រទេសអាហ្វហ្គានីស្ថាន គឺលោក អាមៀរ ខាន់ មូតាគី (Amir Khan Muttaqi) ផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅកាតា លោក Wang Yi នឹងបន្តដំណើរទៅបំពេញទស្សនកិច្ច នៅបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង