ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្តន្ទាទោសថ្នាក់ដឹកនាំ អតីត CNRP ៣រូប ឱ្យជាប់ពន្ធនាគារម្នាក់២ឆ្នាំ ខណៈសកម្មជនជាង១០រូបផ្សេងទៀត កាត់ទោសពី ២០ខែទៅ២ឆ្នាំ ករណីញុះញង់ បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម

34

ភ្នំពេញ៖ លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សុភា ដែលជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល ចំពោះករណីញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។ ទន្ទឹមនឹងនេះ ក្នុងសំណុំរឿងដដែល តុលាការក៏បានកាត់ទោសសកម្មជនជាង១០រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារពី២០ខែ ទៅ២ឆ្នាំ ប៉ុន្តែពួកគេត្រូវបានព្យួរទោសមួយចំនួន។

ការប្រកាសសាលក្រមលោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សុភា រួមទាំងសកម្មជនជាង១០រូបនេះ បានធ្វើឡើង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យ សុធីបូរ៉ាឆាត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីបានលើកពេលប្រកាសអស់រយៈពេល១ខែកន្លងមក។

បើតាមអ្នកនាំពាក្យស្ថាប័នអយ្យការ ក្នុងសំណុំរឿងនេះ តុលាការបានកាត់ទោសដូចតទៅ៖

១៖ ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុទ្ធី ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
២៖ ឈ្មោះ ឈួ ផេង ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៣៖ ឈ្មោះ ឈឿន ដារ៉ាវី ភេទស្រី ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៤៖ ឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៥៖ ឈ្មោះ គង់ សំអាន ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៦៖ ឈ្មោះ មាន ព្រហ្មមុនី ភេទប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៧៖ ឈ្មោះ កើត សារាយ ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៨៖ ឈ្មោះ ថា ឡាវី ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៩៖ ឈ្មោះ មួង សុភ័ក្ត្រ ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
១០៖ ឈ្មោះ អេង ម៉ាឡៃ ភេទស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
១១៖ ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ភេទប្រុស ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
ជាប់ចោទពីបទ ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងដើមខែសីហា ដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
១២៖ ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៣៖ ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៤៖ ឈ្មោះ គង់ សភា ភេទប្រុស ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៥៖ សម្រាប់ លោក ហុង លីម ហៅ ហុង មុយលីម វិញត្រូវបានតុលាការសម្រេចឱ្យរួចផុតពីបទចោទប្រកាន់។

ពួកគេត្រូវបានចោទប្រកាន់ពីបទ ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា, ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ការចាប់ខ្លួនជនជាប់ចោទ ក្រុមសកម្មជននេះ បានធ្វើឡើងបន្ទាប់ពីពួកគេ នាំគ្នាតវ៉ាទាមទារឱ្យដោះលែងជនជាប់ចោទ រ៉ុង ឈុន ដែលញុះញង់អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

លោក រ៉ុង ឈុន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាត់ទោស ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំមុន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម»។

ទន្ទឹមគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀតដែលចូលរួមទាមទារឱ្យដោះលែង លោក រ៉ុង ឈុន នោះគឺលោក តុល និមល និង កញ្ញា ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែផងដែរ។ ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន៤០០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង