លោក គឹម សុខ រត់ទៅដល់ប្រទេសថៃហើយ
ភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគនយោបាយសង្គម និងកូនស្រី បានរត់ភៀសខ្លួនដល់ប្រទេសថៃដោយសុវត្ថិភាព កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។ ការរត់បាត់ខ្លួនគេចពីប្រទេសកម្ពុជា ដោយសារតែលោកគឹម សុខ ដែលទើបតែចេញពីពន្ធនាគារព្រៃស គ្មានលុយសងសំណងទៅសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតេជោ ទារលុយសំណងជំងឺចិត្ត។ ការភៀសខ្លួនរបស់លោកគឹម សុខ ធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន បានគំរាមចាប់ខ្លួន ឡើងវិញ ប្រសិនបើអ្នកវិភាគរូបនេះមិនសងសំណងចំនួន៨០០លានរៀល។
លោក គឹម សុខ ត្រូវបានតុលាការ ដោះលែងឲ្យមានសេរីភាព កាលពីថ្ងៃទី១៧ ខែសីហា ក្រោយពីលោកជាប់ពន្ធនាគារអស់រយៈពេល១៨ខែ គ្រប់អាជ្ញាយុកាល នៃបណ្តឹងគណបក្សប្រជាជនកម្ពុជា ដែលចោទថាជាអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ប៉ុន្តែលោក គឹម សុខ នៅជាប់ក្នុងសំណុំរឿងមួយទៀតពីការចោទថា រាជរដ្ឋាភិបាលថា បង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតកមិនឃើញ។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ខែសីហា ក្នុងពិធីជួបជុំជាមួយកម្មកររោងចក្រកាត់ដេរ បានថ្លែងថា លោក គឹម សុខ នៅមិនទាន់បង់ប្រាក់សំណងចំនួន៨០០លានរៀល មកឲ្យគណបក្សប្រជាជនកម្ពុជានៅឡើយទេ ក្រោយពេលចេញពីពន្ធនាគារ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានថានឹងប្ដឹងអ្នកវិភាគសង្គម លោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង ៨០០លានរៀល ស្មើនឹងប្រមាណ២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។
បន្ទាប់ពីរត់គេចខ្លួនបាត់ លោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងញុងញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
បើយោងតាមដីបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ នៅថ្ងៃត្រង់ទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បង្គាប់មកឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៨ឆ្នាំ កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (អាសយដ្ឋានចុងក្រោយ) ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ ឈ ជាន់ទី៤ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨៖៣០នាទីព្រឹក ដើម្បី៖ មកសាកសួរយកចម្លើយពីដំណើររឿង បរិហាកេរ្ដិ៍ជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គមនៅកម្ពុជា ដែលទើបត្រូវដោះលែងចេញពីពន្ធនាគារ បានរត់គេចខ្លួនទៅដល់ប្រទេសថៃបាត់ហើយ តាមច្រករបៀង ហើយនៅពេលនេះ សមត្ថកិច្ចកម្ពុជា កំពុងសហការជាមួយជាមួយសមត្ថកិច្ចរបស់ថៃ ដើម្បីតាមស្វែងរកលោក គឹម សុខ។
លោក គឹម សុខ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន ៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង ៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍៕