ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ៖ ដីវត្តមិនអាចអោយអ្នកណាមករំលោភបំពានបានឡើយ

30

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវករណីរំលោភដីវត្តព្រៃប្រសិទ្ធិ នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងបានប្រកាសដកហូតរួចប្រគេនដីនេះជាទ្រព្យគរុភណ្ឌរបស់វត្តវិញ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយមានការតវ៉ាពីប្រជាពលរដ្ឋចំណុះជើងវត្តថា មានបុគ្គលមួយចំនួនបានយកដីវត្តពុះជាឡូត៌ចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចុះពិនិត្យស្រាវជ្រាវពីប្រវត្តដីនៅបរិវេណវត្តព្រៃប្រសិទ្ធ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ និងបានអញ្ជើញភាគីពាក់ព័ន្ធមកសួរនាំ និងបង្ហាញឯកសារកាន់កាប់ដី។

ក្នុងការចុះអង្កេតស្រាវជ្រាវក្រុមការងារបានប្រមូលឯកសារ និងរកឃើញអ្នកក្លែងបន្លំឯកសារកាន់កាប់ដីចំនួន ៥នាក់ ហើយអ្នកទាំង៥នាក់ ក៏បានធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួន ព្រមទាំងបានប្រគល់ដីដែលពួកខ្លួនបានចាប់ជូនវត្តវិញ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបាន និងកំពុងប្រើប្រាស់ក្លែងឯកសារយកដីរដ្ឋ ឬដីឯកជនដោយខុសច្បាប់ សូមប្រញ៉ាប់ប្រគល់ឯកសារទាំងនោះមកឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមោឃ:ភាពវិញ ប្រសិនបើយកឯកសារក្លែងទៅប្រើប្រាស់ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានប្រកាសថាចាប់ពីថ្ងៃនេះតទៅ ដីនេះជាគរុភណ្ឌរបស់វត្ត ដែលគ្មានបុគ្គលណាម្នាក់ អាចប៉ះពាល់បានតទៅទៀតទេ ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ អាជ្ញាធរ រៀបចំចុះបញ្ជីដីវត្ត ជាទ្រព្យសម្បត្តិរដ្ឋ និងកៀរគររកសប្បុរសជន ប្រជាពលរដ្ឋចំណុះជើងវត្ត សហការគ្នារៀបចំធ្វើរបងសីមាវត្តប្រសិទ្ធ ដើម្បីគ្រប់គ្រងជាគរុភណ្ឌរបស់វត្តចាប់ពីពេលនេះតទៅ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យ ចំនួន២០០០(ពីរពាន់ដុល្លា) និងស៊ីម៉ង់ត៍ចំនួន១៥តោន ដើម្បីផ្តួចផ្តើមកសាងរបងការពារដីវត្តឱ្យបានគង់វង្សដើម្បីទុកជាសម្បត្តិសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង