អភិបាលរាជធានីបេសកម្ម ក្នុងការទប់ស្កាត់ទឹកជំនន់ សណ្តរស្ទឹងព្រែកត្នោត ទទួលបានលទ្ធផលជោគជ័យ សូមថ្លែងការអរគុណនិងលើកទឹកចិត្ត កម្លាំងទាំងអស់ដែលចូលរួម
ភ្នំពេញ៖លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់វុធនិងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាមិនឲ្យទឹកជំនន់ លិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ រហូតទទួលបានលទ្ធផលជោគជ័យ គិតមកដល់ត្រឹមល្ងាចថ្ងៃទី២៨ខែតុលានេះ។
ការសម្តែងនូវការដឹងគុណខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី ២៨ ខែតុលាឆ្នាំ២០២១ ខណៈដែល
លោកបានចុះពិនិត្យស្ថានភាពទឹកជំនន់សណ្តរស្ទឹងជាចុងក្រោយ នឹងជួបជាមួយនឹងអាជ្ញាធរ កងកម្លាំង ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃអស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដើម្បីទប់ទំនប់សណ្តរស្ទឹងកុំអោយបាក់ នាំទឹកចូលលំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាប្រឈមទឹកជំនន់ស្ទឹងព្រែកត្នោត គឺលែងជាបញ្ហាប្រឈមទៀតហើយ ដោយសារយើងបានទប់ទំនប់យ៉ាងរឹងមាំ ហើយអ្វីដែលសំខាន់ទៀតនោះគឺគឺទឹកបានស្រកចុះយ៉ាងខ្លាំង ដែលលេងជាហានិភ័យសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោទៀតហើយ ។
លោកបានបន្តថា ការទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មមួយនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងយើងទាំងអស់គ្នា ទាំងអាជ្ញាធរ ទាំងកងកម្លាំងប្រដាប់អាវុធ ក្រសួងធនធានទឹកនិងឧតុនិយម អាជ្ញាធរទន្លេសាបនិងកងកម្លាំងអង្គរក្សរបស់សម្តេចតេជោហ៊ុនសែន ដោយបានលះបង់កម្លាំងកាយចិត្ត ទប់ស្កាត់បញ្ហាប្រឈមនេះ ទាំងយប់ ទាំងថ្ងៃរហូតយើងទទួលបានជោគជ័យជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ។
ក្រៅពីការថ្លែងការអរគុណចំពោះកងកម្លាំងនិងអាជ្ញាធរស្ថាប័នពាក់ព័ន្ធមួយចំនួនហើយ លោកឃួង ស្រេង ក៏បានឧបត្ថម្ភជាទឹកប្រាក់មួយចំនួនដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ៕