ឃាត់ខ្លួនបានជនសង្ស័យ ដែលចូលផ្ទះប្រជាពលរដ្ឋបន្លំលួចប្រាក់
ខេត្តព្រះសីហនុ ៖ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ លី ឈូន បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថាមានបុរសជនជាតិខ្មែរ ០២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-1459 បានបន្លំចូលផ្ទះប្រជាពលរដ្ឋ និងលួចប្រាក់អស់មួយចំនួន រួចជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នគរបាលជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ភេទប្រុស ជនជាតិខ្មែរ បន្ទាប់មក ក៏ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ ចំនួន០២នាក់ទៀត ជាបន្តបន្ទាប់ ។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់គណនីហ្វេសប៊ុកឈ្មោះ លី ឈូន ដែលបានសហការជាមួយនគរបាលជំនាញក្នុងការបង្ហាញភស្តុតាង ដើម្បីនគរបាលជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យឆាប់រហ័ស យកមកចាត់ការតាមនីតិវិធីច្បាប់ និងសូមអំពាវនាវប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក្នុងពេលជួបបទល្មើសរឺហេតុការណ៍ផ្សេងៗ សូមរាយការណ៍មកកាន់នគរបាលដែលនៅជិតលោកអ្នកបំផុត ដើម្បីឲ្យនគរបាលជំនាញធ្វើការអន្តរាគមន៍បានទាន់ពេលវេលា ៕