ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាពី Asian Games ដែលបានឈ្នះមេដាយមាសជូនជាតិមាតុភូមិ

94



(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដែលបានឈ្នះមេដាយមាសជូនជាតិមាតុភូមិ ដែលពិធីនេះធ្វើឡើងនៅវិមា នសន្តិភាព រាជធានីភ្នំពេញ។

ដំណើរនិវត្តន៍អមដោយសមិទ្ធិផលបំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ៦៤ឆ្នាំនេះនឹងមានពិធីទទួលស្វាគមន៍យ៉ាងពិសេស ដោយមានក្បួនដង្ហែររថយន្ដអមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់​ ក្រោយចុះពីលើយន្ដហោះផងដែរ។

 ប្រតិភូដឹកនាំ គ្រូបង្វឹក និងម្ចាស់មេដាយមាស ប្រចាំព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2018 នៅប្រទេសឥណ្ឌូនេស៊ី បានត្រឡប់មកដល់កម្ពុជាវិញហើយនាថ្ងៃចន្ទ ទី៣ ខែកញ្ញានេះ តាមព្រលានយន្តហោះភ្នំពេញអន្តរជាតិ ពោធិ៍ចិនតុង។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់កិត្តិយសទៅទទួលដោយផ្ទាល់ រួមទាំងប្រជាពលរដ្ឋ និងម៉ូតូធំចំនួន ៦គ្រឿងដង្ហែចេញពីព្រលានយន្តហោះផងដែរ។

កម្ពុជា បានបញ្ជូនអត្តលិក ១៣ប្រភេទកីឡាទៅចូលរួមក្នុង Asian Games លើកទី១៨ នៅទីក្រុងប៉ាឡាំងបាង និងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ដែលសម្រេចជាលទ្ធផល មានតែ២ប្រភេទកីឡាប៉ុណ្ណោះដែលដណ្តើមបានមេដាយ ៣គ្រឿង ក្នុងនោះរួមមាន កីឡាជឺជិតស៊ូ (Ju-Jitsu) ដោយកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ប្រភេទទម្ងន់ ៤៩គីឡូក្រាម ឈ្នះមេដាយមាស ១គ្រឿង មុនពេលប្រភេទកីឡាម៉ូតូទឹក ឈ្នះមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ដណ្តើមបានដោយកីឡាករ សាលី អ៊ូមើត។

កម្ពុជា បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២៤ ក្នុងចំណោម ៣៧ប្រទេសដែលឈ្នះមេដាយនៅក្នុងយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងប្រចាំទ្វីបអាស៊ី Asian Games 2018 និងឈរនៅលើ៨ប្រទេសផ្សេងទៀត ក្នុងចំណោម ៤៥ប្រទេសសរុបដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះមួយនេះ ដោយមាន ៤០ប្រភេទកីឡា ស្មើនឹង ៤៦៥វិញ្ញាសា ដែលមានអត្តពលិកជាង ១០០០០នាក់ចូលរួម ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង