ទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរចំនួន ២១នាក់ បម្រុងលួចឆ្លងដែនទៅថៃ
ខេត្តបន្ទាយមានជ័យ ៖ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជាមួយយោធាកងល្បាតទី១ ទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ នគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងយោធាកងល្បាតទី១ នៃវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ ទប់ស្កាត់ប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន ២១ នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ នៅចំណុចចន្លោះ បង្គោលសីម៉ា(៣៦-៣៧) ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៩យប់ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ។
ប្រភពព័ត៌មានពីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ៖ ការទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរទាំង២១នាក់ មានស្រី១០នាក់នេះ ក្នុងខណៈពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងយោធាកងល្បាតទី១ នៃវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ ដើរល្បាតតាមបន្ទាត់ព្រំដែនចន្លោះ បង្គោលសីម៉ា(៣៦-៣៧) ក៏បានប្រទះឃើញពួកគាត់បម្រុងនាំគ្នាលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។
ប្រភពដដែលបានបញ្ជាក់ថា៖ក្រោយពីបានឃាត់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំង២១នាក់ បានបញ្ជូនទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គោករមៀត នៃ អធិការដ្ឋាននគរបាលស្រុថ្មពួក ដើម្បីមានវិធានការបន្ត ៕