រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យ ម៉ាស៊ីនផលិតអុកស៊ីសែន និងការសាងសង់សំណង់ អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីសែន និងការសាងសង់សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ក្នុងការដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ ព្រមទាំងបានកៀរគរសប្បុរសជន ចូលរួមក្នុងការកសាងសមិទ្ធផលនានាបម្រើឱ្យវិស័យសុខាភិបាល ជាពិសេសការព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
សូមជម្រាបជូនថា ម៉ាស៊ីនផលិតអុកស៊ីសែនខាងលើគឺមានសមត្ថភាពផលិតអុកស៊ីសែន ក្នុងមួយម៉ោងបាន ៥ដប ស្មើនឹង ៣០ម៉ែត្រគូប។ ដោយឡែកចំពោះសំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ កម្ពស់មួយជាន់ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២១ ខាងមុខនេះ។