ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដៃគូសន្យាផ្តល់ប្រាក់ចំនួន ៦៦៥ លានដុល្លារ ជួយដល់ការស្ដារឡើងវិញបៃតងក្នុងតំបន់អាស៊ាន

69

 

ទីក្រុង Glasgow នៃចក្រភពអង់គ្លេស (២ វិច្ឆិកា ២០២១) ៖ ដៃគូចំនួនបួន​បានរួមគ្នាសន្យា ផ្តល់ប្រាក់ចំនួន ៦៦៥ លានដុល្លារ សម្រាប់វេទិកាគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល មានគោលបំណងប្រមូលប្រាក់ចំនួន ៤ ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលមាន     កាបូនទាប និង ធន់នឹងអាកាសធាតុ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបង្កើនល្បឿននៃការងើបឡើងវិញក្នុង តំបន់ពីជំងឺកូវីដ១៩។

 

មូលនិធិខាងលើដែលត្រូវបានប្រកាសនៅក្នុងសន្និសីទភាគីលើកទី ២៦ (the 26th Conference of the Parties — COP26) នៅទីក្រុង Glasgow រួមមាន ១១០ លានផោន (១៥១ លានដុល្លារ) ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ១៣២ លានអឺរ៉ូ (១៥៥ លានដុល្លារ) ពី​ Cassa Depositi e Prestiti (CDP) ដែលជាក្រុមផ្តល់កម្ចីរដ្ឋរបស់ប្រទេសអ៊ីតាលី​ ៥០ លានអឺរ៉ូ ពីសហភាពអឺរ៉ុប និង ៣០០ លាន ដុល្លារ ពីមូលនិធិអាកាសធាតុបៃតង​ (Green Climate Fund)។ ភាពជាដៃគូទាំងនេះ នឹងក្លាយជាផ្នែក មួយនៃវេទិកាសម្រាប់ការងើបឡើងវិញបៃតង​ (Green Recovery Platform) ថ្មី​ ដើម្បីគាំទ្រដល់កិច្ច សម្របសម្រួលហិរញ្ញវត្ថុបៃតងជាកាតាលីករ​ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN Catalytic Green Finance Facility — ACGF) ដែលត្រូវបានបង្កើតឡើងដោយមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrustructure Fund) និង គ្រប់គ្រងដោយ ADB ។

 

ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa ដែលបានចូលរួមព្រឹត្តិការណ៍​ខាង​លើ ជាមួយរដ្ឋមន្ត្រី និង មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាន​និងដៃគូ មានប្រសាសន៍ថា “បណ្តា ប្រទេសអាស៊ានមានឱកាសពិសេស ក្នុងការកសាងអនាគតបៃតង និង​ ប្រកបដោយបរិយាប័ន្ន បន្ទាប់ពី ជំងឺរាតត្បាតកូវីដ១៩។ វេទិកា​សម្រាប់​ការងើប​​ឡើងវិញបៃតងថ្មីរបស់អាស៊ាន នឹងជួយពន្លឿនលំហូរ វិនិយោគ ដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ប្រកបដោយនិរន្តរភាពបរិស្ថាន​ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និង សមធម៌”។

 

ការផ្តល់មូលនិធិថ្មី នឹងបន្ថែមទៅលើការសន្យាផ្តល់ហិរញ្ញប្បទានចំនួន ១,៤ ពាន់លានដុល្លារ អាមេរិក​​ ដែលបានតៀមរួចសម្រាប់ ACGF តាំងពីឆ្នាំ ២០១៩ ដោយនឹងនាំមកនូវកញ្ចប់សន្យាសរុប ២ ពាន់លានដុល្លារ​ សម្រាប់ ACGF។ ដៃគូផ្តល់ហិរញ្ញប្បទានដំបូងដែលគាំទ្រដល់ ACGF រួមមាន ADB ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement — AFD) ធនាគារវិនិយោគអឺរ៉ុប (European Investment Bank) ធនាគារអភិវឌ្ឍន៍រដ្ឋអាល្លឺម៉ង់ KfW និង រដ្ឋាភិបាលនៃ​សាធារណរដ្ឋ​កូរ៉េ។ អគ្គនាយក​ ភាពជាដៃគូអន្តរជាតិនៃគណៈកម្មការអឺរ៉ុប លោក Koen Doens នាយកប្រតិបត្តិ នៃមូលនិធិអាកាសធាតុបៃតង​ (GCF)​ លោក Yannick Glemarec និង​ នាយក ប្រតិបត្តិ AFD លោក Remy Rioux ក៏បានផ្តល់សន្ទរកថាក្នុងពិធីខាងលើដែរ។

 

លោកជំទាវ​ Elizabeth Truss រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសមានប្រសាសន៍ថា​ “ឆ្នាំនេះ ចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាថ្មីដំបូងគេរបស់អាស៊ានក្នុងរយៈពេល ២៥ ឆ្នាំ។ ឥឡូវនេះ យើង​កំពុងធ្វើការរួមគ្នាដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគឱ្យកាន់តែរឹងមាំ និងដោះស្រាយការ ប្រែប្រួល​​អាកាសធាតុ។​ ការផ្តល់មូលនិធិចំនួន ១១០ លានផោន ​របស់ចក្រភពអង់គ្លេសសម្រាប់មូលនិធិ កិច្ចសម្របសម្រួលហិរញ្ញវត្ថុបៃតង ជាកាតាលីករ​នៃចក្រភពអង់គ្លេស និង​ អាស៊ាន​ (UK-ASEAN Catalytic Green Finance Facility Trust Fund) នឹងជួយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ស្អាត ស្មោះត្រង់ និង អាចទុកចិត្តបាន ដល់ប្រទេសដែលត្រូវការវាបន្ទាន់ ដោយផ្តោតលើជំនាញរបស់ចក្រភពអង់គ្លេស លើបច្ចេកវិទ្យាបៃតង និង បង្កើតការងារនៅទូទាំងចក្រភពអង់គ្លេស។”

 

ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច សុខភាព និង សង្គម​ នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។ វេទិកានេះនឹងផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ដើម្បីកាត់បន្ថយហានិភ័យនៃការ វិនិយោគ និងជំរុញការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង ដែលបង្កើតការងារ និង ជំរុញកំណើន។ វាក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក         អាស៊ានដែលកំពុងអភិវឌ្ឍ ដើម្បីសម្រេចបាន នូវគោលដៅអាកាសធាតុរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស និង ជួយពួកគេពង្រឹងទីផ្សារមូលធនបៃតង ដូចជាតាមរយៈការពង្រីកការចេញសញ្ញាបណ្ណ បៃតង និង អាកាសធាតុជាដើម។

 

នាយកប្រតិបត្តិ CDP លោក Dario Scannapieco មានប្រសាសន៍ថា “នៅពេលដែលយើង កសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ ការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ (Paris Agreement) និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនត្រូវធ្លាក់ចុះឡើយ។ CDP ត្រៀមខ្លួន ជាស្រេច ដើម្បីដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និង បរិយាប័ន្ន តាមរយៈការលើកកម្ពស់ភាពជាដៃគូស្ថាបនា ដូចជាការគាំទ្ររបស់យើងចំពោះ ACGF ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការងើបឡើងវិញសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និង បៃតងនៅក្នុងតំបន់ អាស៊ី អាគ្នេយ៍ និងដើម្បីរួមកម្លាំងជាមួយធនាគារអភិវឌ្ឍន៍ជាតិផ្សេងទៀតដោះស្រាយ បញ្ហាប្រឈម បច្ចុប្បន្ន សម្រាប់មនុស្សជំនាន់នេះ និង មនុស្សជំនាន់ក្រោយ។”

 

វេទិកាសម្រាប់ការងើបឡើងវិញបៃតងរបស់អាស៊ាន​ (ASEAN Green Recovery Platform) គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបង្កើនមហិច្ឆិតារបស់ខ្លួនសម្រាប់ការផ្តល់ហិរញ្ញប្បទាន អាកាសធាតុឆ្នាំ ២០១៩-២០៣០ រហូតដល់ ១០០ ពាន់លានដុល្លារ ដោយធានាថាយ៉ាងហោចណាស់ ៧៥% នៃគម្រោងនឹងដោះស្រាយការកាត់បន្ថយ និង​ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុអំឡុងឆ្នាំ ២០៣០។

 

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង