ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការកំពូល បើកសវនការសំណុំរឿង អតីតមន្រ្តីយោធាផ្កាយ២ សូយ ចាន់សឿន ករណីប្រើហិង្សា និងបង្ខាំងស្រ្តីម្នាក់

23

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានបើកសវនការលើសំណុំរឿងអតីតមន្រ្តីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន ករណីប្រើអំពើហិង្សា និងបង្ខាំងស្រ្តីម្នាក់ ដែលបានប្រព្រឹត្តកាលពីខែមករាកន្លងទៅ។

ការបើកសវនការនេះ ធ្វើឡើងបន្ទាប់ពីជនត្រូវចោទ មិនពេញចិត្តនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ និងប្តឹងសាទុក្ខមកតុលាការកំពូល ពាក់ព័ន្ធនឹងបទល្មើសរបស់ខ្លួន ដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់»។

ជនជាប់ចោទរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់មហាអយ្យការអមតុលាការកំពូល បានផ្តល់ដំណឹងដល់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ចាត់ឱ្យនាំខ្លួនជនត្រូវចោទ ឈ្មោះ សូយ ចាន់លឿន ឬ ទេស ចាន់ សឿន ហៅ រ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ (អ្នកប្តឹងសាទុក្ខ) បច្ចុប្បន្នត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ឱ្យមកកាន់តុលាការកំពូល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០ព្រឹក ដើម្បីចូលរួមសវនាការ (សាលសវនាការទី២) រួចនាំខ្លួនទៅពន្ធនាគារវិញ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ សំណុំរឿងអតីតមន្ត្រីយោធាផ្តាយ២ សូយ ចាន់សឿន រួមមាន៖ លោក និល ណុន ជាប្រធាន, លោក សាលី ធារ៉ា, លោក សេង នាង, លោក អៀង សៀង និងលោក ច័ន្ទ រង្សី ជាចៅក្រមប្រឹក្សានៃក្រុមប្រឹក្សាជំនុំជម្រះ។

មុនឡើងមកតុលាការកំពូល គឺសំណុំរឿងឈ្មោះ សូយ ចាន់សឿន ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដោយច្រានចោលបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ន។ រឿងក្ដីដែលសាលាឧទ្ធរណ៍ មិនឱ្យជនត្រូវចោទនៅក្រៅឃុំនេះ ជារឿងក្ដីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលឈ្មោះ សូយ ចាន់សឿន បានប្រព្រឹត្តលើអតីតស្រីកំណាន់របស់ខ្លួននៅខេត្តកំពង់ស្ពឺ កាលពីខែមករានោះ។

សូមជម្រាបថា លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់មន្រ្តីយោធាផ្កាយ២ សូយ ចាន់សឿន ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់» ពាក់ព័ន្ធការប្រើហិង្សា និងបង្ខាំងស្រ្តីម្នាក់យ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គមហ្វេសបុក។ មុនចោទប្រកាន់ដូច្នេះ គឺកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងទៅ លោក ខៃ សម្ផស្ស បានចេញដីកាកោះហៅជនសង្ស័យឈ្មោះ សូយ ចាន់សឿន ឧត្តមសេនីយ៍ទោ និងមានតួនាទី ជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ឲ្យចូលបំភ្លឺនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីសាកសួរពីដំណើររឿង។

យោងតាមដីកាបញ្ជូនរឿងរបស់តំណាងអយ្យកាកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យឯកសារខាងលើ យល់ឃើញថា ឈ្មោះ សូយ ចាន់លឿន ទីលំនៅបច្ចុប្បន្ននៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
បានប្រព្រឹត្តអំពើហិង្សា និងការបង្ខាំងទុកមែន។

តំណាងអយ្យការ បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ឈ្មោះ ឌួង ហេម៉ាលីស ភេទស្រី អាយុ៤១ឆ្នាំ និងឈ្មោះ សូយ ចាន់សឿន បានជិះរថយន្តជាមួយគ្នា គោលបំណងទៅកងរាជអាវុធហត្ថខេត្តកណ្តាល ដោយឈ្មោះ សូយ ចាន់សឿន ជាអ្នកបើករថយន្ត លុះពេលធ្វើដំណើរជិតដល់រង្វង់មូលក្រុងតាខ្មៅ ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ ឌួង ហេម៉ាលីស បានទាស់ពាក្យសំដីជាមួយគ្នា។

ស្រាប់តែឈ្មោះ សូយ ចាន់សឿន ខឹង ក៏បានឈប់រថយន្ត រួចធ្វើសកម្មភាពវាយទៅលើឈ្មោះ ឌួង ហេម៉ាលីស ជាច្រើនដៃត្រូវចំមុខ, ភ្នែក, ផ្កាម, ចង្កា និងទ្រូង ព្រមទាំងយកកាំភ្លើងគំរាមបាញ់បំបាក់ជើងឈ្មោះ ឌួង ហេម៉ាលីស ថែមទៀតប្រសិនបើឈ្មោះ ឌួង ហេម៉ាលីស ហ៊ានចុះពីលើរថយន្ត។

បន្ទាប់មកឈ្មោះ សូយ ចាន់សឿន បានបើករថយន្តដឹកឈ្មោះ ឌួង ហេម៉ាលីស ឡើងមកភ្នំពេញ រួចបន្តដំណើរមកដល់សង្កាត់កណ្តោលដុំ ខេត្តកំពង់ស្ពឺ ដោយពេលធ្វើដំណើរតាមផ្លូវឈ្មោះ សូយ ចាន់សឿន បានវាយធ្វើបាបឈ្មោះ ឌួង ហេម៉ាលីស ជាច្រើនដៃបន្ថែមទៀត បណ្តាលឱ្យមានរបួសស្នាម និងបានដឹកឈ្មោះ ឌួង ហេម៉ាលីស បន្តមកផ្ទះ កូនចៅរបស់ខ្លួនឈ្មោះ ស្រី សម្បត្តិ ស្ថិតនៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានបង្ខាំងឈ្មោះ ឌួង ហេម៉ាលីស ទុកនៅក្នុងបន្ទប់នៃផ្ទះនោះ តាំងពីម៉ោង ១៥ និង០០នាទី រសៀលដល់ម៉ោង១៩ និង០០នាទី ដោយឈ្មោះ សូយ ចាន់សឿន អង្គុយនៅមុខផ្ទះ មិនឲ្យឈ្មោះ ឌួង ហេម៉ាលីស ចេញពីផ្ទះនោះទេ រហូតដល់មានសមត្ថកិច្ចនគរបាលមកដល់ ទើបសមត្ថកិច្ចបាននាំឈ្មោះ ឌួង ហេម៉ាលីស ចេញពីផ្ទះនោះមកព្យាបាលរបួសនៅមន្ទីរពេទ្យ។

ក្រោយចេញពីមន្ទីរពេទ្យ ឈ្មោះ ឌួង ហេម៉ាលីស ក៏បានមកដាក់ពាក្យបណ្ដឹងនៅអយ្យការខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង