ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការកំពូល តម្កល់សំណុំរឿងអតីតមន្រ្តីយោធាផ្កាយ២ សូយ ចាន់សឿន ករណីប្រើហិង្សា និងបង្ខាំងស្រ្តីម្នាក់ ទុកជាបានការដដែល

27

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានសម្រេចតម្កល់សំណុំរឿងអតីតមន្រ្តីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន ករណីប្រើអំពើហិង្សា និងបង្ខាំងស្រ្តីម្នាក់ ដែលបានប្រព្រឹត្តកាលពីខែមករាកន្លងទៅ ទុកជាបានការដដែល ពោលដូចអ្វីដែលសាលាឧទ្ធរណ៍បានសម្រេចនាពេលកន្លងទៅ។

លោកស្រី ម៉ៅ ធីតា អគ្គលេខាធិការតុលាការកំពូល បានប្រាប់បណ្តាញព័ត៌មាន ថា ក្រោយការបើកសវនាការរួចមក ក្រុមប្រឹក្សាជំនុំជម្រះបា នសម្រេចតម្កល់ទុកជាបានការដដែល។ ក្រោយការសម្រេចរបស់ តុលាការកំពូល អតីតមន្រ្តីយោធារូបនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីតុលាការទៅកាន់ពន្ធនាគារ ដើម្បីធ្វើការឃុំខ្លួនបន្តទៀត។

សូមបញ្ជាក់ថា កាលពីព្រឹកមិញ តុលាការកំពូលបានបើកសវនការករណីនេះ បន្ទាប់ពីជនត្រូវចោទ មិនពេញចិត្តនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ និងប្តឹងសាទុក្ខមកតុលាការកំពូល ពាក់ព័ន្ធនឹងបទល្មើសរបស់ខ្លួន ដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់»

ជនជាប់ចោទរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់មហាអយ្យការអមតុលាការកំពូល បានផ្តល់ដំណឹងដល់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ចាត់ឱ្យនាំខ្លួនជនត្រូវចោទ ឈ្មោះ សូយ ចាន់លឿន ឬ ទេស ចាន់ សឿន ហៅ រ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ (អ្នកប្តឹងសាទុក្ខ) បច្ចុប្បន្នត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ឱ្យមកកាន់តុលាការកំពូល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០ព្រឹក ដើម្បីចូលរួមសវនាការ (សាលសវនាការទី២) រួចនាំខ្លួនទៅពន្ធនាគារវិញ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ សំណុំរឿងអតីតមន្ត្រីយោធាផ្តាយ២ សូយ ចាន់សឿន រួមមាន៖ លោក និល ណុន ជាប្រធាន, លោក សាលី ធារ៉ា, លោក សេង នាង, លោក អៀង សៀង និងលោក ច័ន្ទ រង្សី ជាចៅក្រមប្រឹក្សានៃក្រុមប្រឹក្សាជំនុំជម្រះ។

មុនឡើងមកតុលាការកំពូល គឺសំណុំរឿងឈ្មោះ សូយ ចាន់សឿន ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដោយច្រានចោលបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ន។ រឿងក្ដីដែលសាលាឧទ្ធរណ៍ មិនឱ្យជនត្រូវចោទនៅក្រៅឃុំនេះ ជារឿងក្ដីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលឈ្មោះ សូយ ចាន់សឿន បានប្រព្រឹត្តលើអតីតស្រីកំណាន់របស់ខ្លួននៅខេត្តកំពង់ស្ពឺ កាលពីខែមករានោះ៕

អត្ថបទដែលជាប់ទាក់ទង