គ.ជ.ប ស្នើភាគីពាក់ព័ន្ធបន្តសហការជាមួយ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ បានលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើភាគីពាក់ព័ន្ធបន្តសហការជាមួយគ្នា ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ទទួលបានលទ្ធផលល្អប្រសើរ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នុត សុខុម បានស្នើទៅភាគីពាក់ព័ន្ធបន្តសហការជាមួយគ្នា គ.ជ.ប ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សម្រេចបានលទ្ធផលល្អប្រសើរ។ ការស្នើនេះធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល មន្ត្រីលេខាធិការរាជធានី/ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។
លោក នុត សុខុម បានបញ្ជាក់ថា សំណូមពរដោយសេចក្តីគោរពចំពោះលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត បើទោះបីជាមានភាពលំបាកយ៉ាងណា ក៏សូមមេត្តាយកចិត្តទុកដាក់ ទាំងនៅលើមន្ត្រីជំនាញកុំព្យូទ័រ ក៏ដូចជាការថែទាំ ប្រើប្រាស់សម្ភារៈបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឲ្យល្អប្រសើរ។
បើតាមលោក នុត សុខុម សំណូមពរ ដោយសេចក្តីគោរពចំពោះលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត មេត្តាយកចិត្តទុកដាក់សហការជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងការប៉ាន់ស្មានចំនួនប្រជាពលរដ្ឋ រួមទាំងពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ ចំនួន និងទីតាំងការិយាល័យបោះឆ្នោតឃុំសង្កាត់ នីមួយ៕