ក្រសួងបរិស្ថាន ជួបប្រជុំជាមួយអាជ្ញាធររដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការគ្រប់គ្រងសំណល់រឹង
ពិធីនេះបានធ្វើនៅខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ព្រមទាំងបន្តផ្ទាល់តាមប្រព័ន្ធពីចម្ងាយ(Zoom Meting)ទៅកាន់រដ្ឋបាលក្រុង ស្រុកទាំង៥ ទូទាំងខេត្តព្រះសីហនុ លើប្រធានបទចំនួន ២ រួមមាន៖
(១) បទបង្ហាញពីក្របខណ្ឌការងារឈានទៅអនុវត្តប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្រុងព្រះសីហនុ។
(២)បទបង្ហាញស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងឆ្លាតវៃ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ដើម្បីចាត់ចែងដោះស្រាយបញ្ហាការគ្រប់គ្រងសំរាម និងសំណល់រឹងនៅតាមក្រុង ស្រុករបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ថ្ងៃនេះយើងមានបទបង្ហាញជាច្រើន ដែលជាយុទ្ធសាស្ត្រថ្មីក្នុងការគ្រប់គ្រងសំរាម រួមមតិយោបល់គ្នា ដើម្បីឱ្យការគ្រប់គ្រងសំរាមរបស់យើងបានស្អាត លឿន និងមានចិរភាព។
រយៈពេលកន្លងមក វិបត្តិសំរាមនៅក្រុងព្រះសីហនុ ទោះបីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមបានប្រមូលសំរាមដឹកចេញពីក្រុង បន្តទៅចាក់រាយប៉ាយគ្មានសណ្តាប់ធ្នាប់ ការគ្រប់គ្រងគ្មានបច្ចេកទេស សំរាមបានប្រមូលចេញពីក្រុងយកទៅទុកកន្លែងផ្សេងតែប៉ុណ្ណោះ។យើងមិនបានប្រើប្រាស់បច្ចេកទេស ដើម្បីគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។ ក្រសួងបរិស្ថានបានសង់ទីលានចាក់សំរាមរួចរាល់ហើយប៉ុន្តែគំនរសំរាមនៅក្រៅទីលានគរដូចភ្នំ។
ឯកឧត្តម អភិបាលខេត្ត ស្នើក្រសួងបរិស្ថានជួយធ្វើយ៉ាងណាឱ្យឆាប់បានដំណើរការ ដើម្បីឱ្យសំរាមដែលប្រមូលចេញពីក្រុងយកទៅទុកដាក់ក្នុងទីលានគ្រប់គ្រងបានត្រឹមត្រូវតាមបច្ចេកទេស។
ឯកឧត្តម អភិបាលខេត្តបន្តថា រដ្ឋបាលខេត្តខិតខំផ្សព្វផ្សាយនូវស្លាកសញ្ញាទាក់ទងនៃកាហាមបោះចោលសំរាម រួមទាំងចចារតម្លៃនៃការផាកពិន័យចាប់ពី ២ម៉ឺនរៀល ដល់ ៤០ម៉ឺនរៀល ប្រសិនបើមានការបំពានបោះចោលសំរាមមិនត្រឹមត្រូវនៅតាមបណ្តោយឆ្នេរសមុទ្រ តាមដងផ្លូវសាធារណៈ។ ក្រុមការងារក្រុងកំពុងធ្វើការអប់រំផ្សព្វផ្សាយនៅលើផ្លូវ ៤៧ខ្សែក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង និងបញ្ចេញសំរាមតាមពេលវេលា។
ឯកឧត្តមសុំឱ្យក្រុង ស្រុកដែលបានចូលរួមប្រជុំតាមប្រព័ន្ធ Zoom Meeting យកចិត្តទុកដាក់តាមដានគ្រប់គ្រងសំរាមឱ្យមានប្រសិទ្ធិភាព វានឹងជួយពង្រីកការគ្រប់គ្រងសំរាមក្នុងក្របខណ្ឌទូទាំងខេត្តរបស់យើងបានល្អ។
យើងមិនអាចទទួលយកការស្អាតតែកណ្តាលក្រុង តែតាមដងផ្លូវសាធារណៈ និងតាមឃុំ សង្កាត់ផ្សេង ទៀតបន្តពង្រាយសំរាមនោះឡើយ។យើងត្រូវរួមគ្នាគិតគូរតាមដានប្រមូលរកដំណោះស្រាយការគ្រប់គ្រងសំរាមកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា គោលនយោបាយបរិស្ថានស្អាត សុខភាពល្អ វាមានសារៈសំខាន់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ។
ដើម្បីកែទម្រង់ប្រព័ន្ធគ្រប់គ្រងសំរាមក្នុងខេត្តព្រះសីហនុនិងលើកកម្ពស់ប្រពន្ឋគ្រប់គ្រងសំរាម និងតម្លៃឱ្យមានប្រសិទ្ធិភាពតាមប្រព័ន្ធថ្មី ទី១.ឆន្ទះ ២.ការបេជ្ញាចិត្ត ៣.ធ្វើជាម្ចាស់ ដើម្បីធានាសមត្ថភាព និងសមិទ្ធិផលក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹងដោយមានការចូលរួមពីក្រុមហ៊ុន អាជ្ញាធរ និងប្រជាពលរដ្ឋទើបក្រុងរបស់យើងមានភាពស្អាត និងមានពណ៌បៃតង។
ក្រុមហ៊ុនត្រូវមានតួនាទីក្នុងការប្រមូលសំរាមចេញពីក្រុង ស្រុក។
ទន្ទឹមនោះប្រជាពលរដ្ឋជាអ្នកបង្កើតសំរាម ត្រូវធ្វើការញែកសំរាមឱ្យបានត្រឹមត្រូវ។យើងក៏ទាមទារការអប់រំ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងការគ្រប់គ្រងបញ្ចេញសំរាម៕