ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ណែនាំអាជីវកម្ម បៀរហ្កាឌិន ៦ចំណុច ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍

39

ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មបៀរហ្កាឌិន ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ និងដើម្បីចូលរួមបង្ការនិងរក្សាបាននូវ សុវត្ថិភាពទំនុកចិត្ត និងផ្តល់ភាពកក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ និងស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការជាតិចាក់វ៉ាក់សំាងកូវីដ១៩ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំ ០៦ចំណុច ដល់មូលដ្ឋានអាជីវកម្មបៀរហ្កាឌិន យកចិត្តទុកដាក់រៀបចំការ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សេចក្តីណែនាំទាំង០៦ចំណុច រួមមាន៖

* ទី១៖ ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងលក្ខខណ្ឌតម្រូវ និងចំណុចណែនាំទាំងឡាយដូចមានកំណត់ក្នុងខ្លឹមសារប្រកាសលេខ ១០៨ ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ អាជីវកម្មបៀរ ហ្កាឌិន ត្រូវចាត់ទុកលក្ខខណ្ឌទាំងនោះជាគោលការណ៍ណែនាំ ចម្បងសម្រាប់ការអនុវត្តក្នុងដំណាក់កាលនេះ និងត្រូវ អនុវត្តឱ្យបានហ្មត់ចត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ។
* ទី២៖ អាជីវកម្មបៀរហ្កាឌិន ត្រូវរៀបចំឱ្យមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងត្រូវមានស្មារតីភ្ញាក់រលឹក គិតគូរអំពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាពសង្គមជាតិជាអាទិភាពចំពោះមុខដោយធ្វើការអភិវឌ្ឍ និងគ្រប់គ្រងអាជីវ កម្មបៀរហ្កាឌិន ក្នុងបរិបថ (គន្លងប្រក្រតីភាពថ្មី)។
* ទី៣៖ អាជីវកម្មបៀរហ្កាឌិន ត្រូវរៀបចំឱ្យមានការបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំ អំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបណ្តុះបណ្តាលស្តីពី បដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពសេវាកម្ម ការបម្រើសេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។
* ទី៤៖ អាជីវកម្មបៀរហ្កាឌិន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលស្តីពី វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ អាជីវកម្ម បៀរហ្កាឌិន ឱ្យបានជាប្រចាំ។
* ទី៥៖ អាជីវកម្មបៀរហ្កាឌិន ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសគាំទ្រ ដល់គោល នយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងសកម្មភាពជាក់ស្តែង ដោយជំរុញឱ្យបុគ្គលិកទាំងអស់ រួមទាំង ក្រុមគ្រួសារ របស់ពួកគាត់ ទៅទទួលយកការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា និងឱ្យបានគ្រប់ចំនួនដូសតាមការកំណត់របស់ក្រសួងសុខាភិបាល។
* ទី៦៖ អាជីវកម្មបៀរហ្កាឌិន ត្រូវអនុវត្ត និងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យា ដែលបានដាក់ឱ្យអនុវត្តកន្លងមកដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ពាក់ព័ន្ធ រួមមាន៖ ការស្កេន QR Code ទប់ស្កាត់កូវីដ-១៩ និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ជាដើម៕

អត្ថបទដែលជាប់ទាក់ទង