ទុកពេល៧ថ្ងៃអោយម្ចាស់ អាជីវកម្មដែលរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈទាំងអស់បើមិនអនុវត្តតាមទេនឹងចាត់វិធានការច្បាប់មិនលើកលែងឡើយ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានសម្រេចដោយទុករយៈពេល០៧ថ្ងៃ ចំពោះម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលបាននិងកំពុងលក់ដូរទំនិញនៅលេីកំណាត់ផ្លូវលេខ២៤៥(ចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ៣៣៦) ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ និង សង្កាត់បឹងសាឡាង បើនៅតែរឹងទទឹងប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀត រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូតខាត ឬបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ។
រដ្ឋបាលខណ្ឌទួលគោក ធ្វេីសេចក្តីណែនាំរួចហើយកាលពីថ្ងៃទី០២វិច្ឆកា ដើម្បីអោយម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលបាននិងកំពុងលក់ដូរទំនិញនៅលេីកំណាត់ផ្លូវលេខ២៤៥(ចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ៣៣៦) ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ និង សង្កាត់បឹងសាឡាង ចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: ទប់ស្កាត់ការរំលោភយកចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណ:សម្រាប់អាជីវកម្មរបស់ខ្លួន ដែលនាំអោយមានការកកស្ទះចរាចរណ៍នៅលេីដងផ្លូវ ប៉ះពាល់ដល់ផលប្រយោជន៍និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី០៤ វិច្ឆិកានេះថា៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀប រៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក បានរៀបចំ សណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ ក៏ឃើញមានបងប្អូនម្ចាស់អាជីវកម្ម លក់ដូរគ្រប់ប្រភេទបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការចោលសំរាមគ្មានសណ្តាប់ធ្នាប់បណ្ដាលឲ្យមានការកកស្ទះ ប្រព័ន្ធលូនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងធ្វើឲ្យបាត់បង់សោភ័ណភាពរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំផ្លូវខាងលើអោយបានល្អប្រសើរ រដ្ឋបាលខណ្ឌទួល គោកបានដាក់ចេញជាវិធានការមួយចំនួន ដោយអោយបងប្អូនម្ចាស់អាជីវកម្មទាំងអស់បញ្ឈប់រាល់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។ មិនអនុញ្ញាតឲ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមគ្រប់ មធ្យោបាយនៅរលីចិញ្ចឹម និងទ្រូងផ្លូវសាធារណៈ នៅលើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ១៨២ ដល់ ផ្លូវលេខ៣៣៦) ។ ចំពោះបងប្អូនដែលប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងដីកម្មសិទ្ធផ្ទាល់ខ្លួនដែលមិនទាន់មានលិខិតអនុញ្ញាត បើកអាជីវកម្ម សូមអោយបងប្អូនស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មនៅការិយាល័យច្រកចេញចូលតែមួយ ខណ្ឌទួលគោក។
រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ ក្នុងករណីមិនអនុវត្តតាមការណែនាំរដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូតខាត ឬបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ៕