ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះនៅខណ្ឌទួលគោក មានក្រុមហ៊ុន១០ ចូលរួមដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២១

86

ភ្នំពេញ៖ ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២១ ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា មានក្រុមហ៊ុនចំនួន១០បានចូលរួមដេញថ្លៃ នៅព្រឹកថ្ងៃទី០៤វិច្ឆិកានេះ

   ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកហូត ហៃអភិបាលរងរាជធានីភ្នំពេញ និងលោកជា ពិសី អភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក ហើយក្រុមហ៊ុន ហ៊ានដេញថ្លៃខ្ពស់ជាងគេ នៅក្នុងសង្កាត់ទាំង១០នៃមូលដ្ឋានខណ្ឌទួលគោក គឺ ក្រុមហ៊ុន លីន សុគន្ធា

   លោកហូត ហៃ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

   ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។

   លោកហួត ហៃ បានបន្តទៀតថា ឆ្នាំ២០២១នេះ ពិភពលោកកំពុងតែជួបវិបត្តិសកលនៃជំងឺកូវីដ១៩។ សម្រាប់ប្រទេសកម្ពុជាយើង ក៏បានជួបប្រឈមនឹងបញ្ហាជំងឺកូវីដ១៩នេះ យ៉ាងធ្ងន់ធ្ងរដែរ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។ អាស្រ័យដោយសភាពការណ៍សង្គមត្រូវប្រឈមនឹងការលំបាកដោយសារជំងឺកូវីដ១៩ ការរៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ ត្រូវបានពន្យាពេលរៀបចំមកដល់ពេលនេះ។ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវសកម្មភាពការងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានរាជធានី ខេត្ត ឱ្យបានត្រឹមត្រូវ និងចូលរួមការពារខ្លួនឱ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខា ភិបាលក្រសួងមហាផ្ទៃ។ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហា ជំងឺកូវីដ១៩នេះនិងបានពិនិត្យតាមដានអំពីសុខភាពធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩និងការធ្វើចត្តាឡីស័ក។

   លោកហួត ហៃ បានមានប្រសាសន៍បន្តទៀតថា ក្រោយការដេញថ្លៃគម្រោងខាងលើនេះ គឺក្រុមហ៊ុន លីន សុគន្ធា ហ៊ានដេញថ្លៃខ្ពស់ជាងគេនៅក្នុងសង្កាត់ទាំង១០នៃមូលដ្ឋានខណ្ឌទួលគោក

លោកហួត ហៃបាន ណែនាំអោយក្រុមហ៊ុនដែលដេញថ្លៃគម្រោងនេះបាន ត្រូវអនុវត្តឲ្យបានល្អទៅតាមគម្រោងនឹងកិច្ចសន្យាជាមួយនឹងអាជ្ញាធរ។ ប្រញាប់អនុវត្តគម្រោងឲ្យបានលឿន ហើយសង្កាត់ត្រូវចុះមើលការដ្ឋានជាប្រចាំផងដែរ

  លោកហួត ហៃ ក៏បានជម្រុញអោយក្រុមហ៊ុនរួសរាន់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរដើម្បីអនុវត្តផែនការសកម្មភាពការងាររបស់ខ្លួនឲ្យបានលឿន ក្រុមហ៊ុនត្រូវតែមានសៀវភៅកត់ត្រា ហើយការសាងសង់ត្រូវតែមានគុណភាពស្របទៅតាមបទដ្ឋានបច្ចេកទេសរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ។ ចំពោះអាជ្ញាធរខណ្ឌ សង្កាត់ គឺជាអ្នកសម្របសម្រួលផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដើម្បីសម្រួលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអោយបានលឿន៕

 

អត្ថបទដែលជាប់ទាក់ទង