ខឹងសុំលុយទិញញៀនមិនបាន វាយម្តាយ និងពូហើមជាំភ្នែក ត្រូវនគរបាលខណ្ឌឬស្សីកែវ
ភ្នំពេញ ៖ កូនប្រុសខឹងសុំលុយម្តាយយកទៅទិញថ្នាំមិនបាន ក៏វាយម្តាយ និងពូ បណ្តាលអោយជាំភ្នែក ក៏ត្រូវកម្លាំងនគរបាលច្រាំងចំរេះ១ ឃាត់ខ្លួន កាលវេលាម៉ោង១៦និង០០នាទី នៅថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២១
នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី០៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកអធិការខណ្ឌ ហ៊ាង ថារ៉េត បានអោយដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះជាម្តាយ ឈ្មោះ ប៉ែន ដាវី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី០៥ ភូមិ០៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។
ចំណែកជនសង្ស័យឈ្មោះ ង្វៀង វាំងញី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុមទី០៥ ភូមិ០៣ សង្កាត់ច្រាំងចំរេះ១ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)អវិជ្ជមានកូវិដ ។ ដកហូតវត្ថុតាង មាន ៖ ខ្សែរក្រវ៉ាត់ចំនួន១ ។
សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងខាងលើ ជនសង្ស័យបានសុំប្រាក់ពីជនរងគ្រោះ ដើម្បីទៅទិញថ្នាំញៀន តែជនរងគ្រោះប្រាប់ថា គ្មានប្រាក់ទេ ហើយជនសង្ស័យខឹង និងបានឈ្លោះប្រកែក ដោយនិងវាយជនរងគ្រោះ បណ្តាលអោយជាំភ្នែក និងវាយបងថ្លៃហើមភ្នែកទៀត ស្របពេលនោះ កម្លាំងល្បាតប៉ុស្តិឃើញ ជួយអន្តរាគមន៍ឃាត់ជនសង្ស័យនាំមកកាន់ប៉ុស្តិ៍ច្រាំងចំរេះ១ ។ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្តឹងលើជនសង្ស័យទើបសមត្ថកិច្ចបានធ្វើការសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕