ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មកាជំនាញរដ្ឋសភា បើកកិច្ចពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ

53

ភ្នំពេញ៖ គណៈកម្មការទី៩ និងទី៥ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើកកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ កិច្ចពិភាក្សានេះ ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃរដ្ឋសភាមកពីគណៈកម្មការជំនាញទាំងពីរ។

ក្នុងកិច្ចពិភាក្សានេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមការពារលើសេចក្តីព្រាងច្បាប់នេះផងដែរ។

លោកស្រី និន សាផុន បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក ប៉ាន សូរស័ក្ដិ និងបានជម្រាបជូនអង្គប្រជុំអំពីរបាយការណ៍លទ្ធផលរបស់គណៈកម្មការជំនាញលើសេចក្តីព្រាងច្បាប់នេះ ហើយបាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបអំពីសាវតារ គោលបំណង អត្ថប្រយោជន៍ និងខ្លឹមសារនៃពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទនេះ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីសារនេះបានផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ប្រទេសកម្ពុជារួមមាន៖ ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច នឹងទទួលបាននូវការអនុវត្តនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច នៅពេលដោះស្រាយវិវាទដែលកើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសមាជិកផ្សេងទៀតក្នុងក្របខ័ណ្ឌអាស៊ាន។

បន្ថែមពីលើនេះ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្ត និងការរួមចំណែកដ៏សំខាន់របស់កម្ពុជាដល់ការពង្រឹងយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន ដោយប្រើប្រាស់កិច្ចព្រមព្រៀងគ្របដណ្ដប់ទាំងឡាយរបស់អាស៊ាន ដែលទទួលបានការផ្តល់សច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិរួចហើយធ្វើជាមូលដ្ឋាន។

ឆ្លងតាមការពិភាក្សាយ៉ាងល្អិតល្អន់ និងដោយយោងតាមការសិក្សាលើទម្រង់ គតិច្បាប់ និងខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់ខាងលើ អង្គប្រជុំបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោករដ្ឋមន្ត្រី និងសហការីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានផ្តល់ការឯកភាព និងទទួលយកទាំងស្រុងនូវសេចក្តីព្រាងច្បាប់នេះ ដោយរក្សានូវខ្លឹមសារដើមទាំងស្រុងនៃសេចក្តីព្រាងរបស់រាជរដ្ឋាភិបាល ហើយត្រៀមបញ្ជូនសេចក្តីព្រាងច្បាប់នេះ ដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាពេលឆាប់ៗខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង