កិច្ចប្រជុំពិនិត្យករណី ការធ្វើអាជីវកម្មខ្សាច់ រណ្ដៅដី ខ្សាច់បក នៅក្នុងស្រុកកណ្ដាលស្ទឹង
ខេត្តកណ្តាល៖ នៅក្នុងកិច្ចប្រជុំពិនិត្យករណីការធ្វើអាជីវកម្មខ្សាច់ ណ្ដៅដី ខ្សាច់បកនៅក្នុងស្រុកកណ្ដាលស្ទឹង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានស្នើដល់ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុក ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំង អាជីវកម្មខ្សាច់ និងណ្ដៅដី ដើម្បីដឹងថាតើម្ចាស់អាជីវកម្មទាំងនោះ មានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវហើយឬនៅ បើម្ចាស់អាជីវកម្មណាមួយមិនសហការ គ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាព ត្រូវអនុវត្តតាមច្បាប់ដោយគ្មានការយោគយល់ឡើយ។
ឯកឧត្តម ណុប ដារ៉ា បានណែនាំដល់ អាជ្ញាធរស្រុកកណ្តាលស្ទឹង ត្រូវចុះស្រង់ស្ថិតិរាល់អាជីវកម្មរ៉ែទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាពអោយអស់ ហើយត្រូវណែនាំឱ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មីឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឱ្យត្រឹមត្រូវស្របតាមច្បាប់កំណត់ និងគោរពអនុវត្តឱ្យបានតាមកិច្ចសន្យា។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានជម្រុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹក ខ្សាច់ ដឹកដីត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ រាល់ការដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានងស្អាត ក្នុងករណីម្ចាស់អាជីកម្មណាដែលនៅតែប្រព្រឹត្តល្មើសច្បាប់ ធ្វើឱ្យផ្លូវខូច ត្រូវទទួលខុសត្រូវជួសជុលផ្លូវឱ្យបានស្អាតឡើងវិញ និងត្រូវរងការផាកពិន័យ ឬបិទអាជីវកម្មតែម្ដង។