ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ ចេញគោលការណ៍ណែនាំជំរុញ និងលើកទឹកចិត្តការដោះលែងនៅក្រៅឃុំ និងការប្រើប្រាស់វិធានការអនុគ្រោះមួយចំនួន ជាពិសេស ការព្យួរទោស ក្នុងការកាត់ក្

80

 

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ចេញគោលការណ៍ណែនាំជំរុញ និងលើកទឹកចិត្តការដោះលែងនៅក្រៅឃុំ និងការប្រើប្រាស់វិធានការអនុគ្រោះមួយចំនួន ជាពិសេស ការព្យួរទោស ក្នុងការកាត់ក្តី។ ការចេញគោលការណ៍ណែនាំ គឺក្នុងគោលបំណង ដើម្បីចូលរួមចំណែកដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារ បន្ទាប់ពី ៖ (ទី១)-ក្រសួងយុត្តិធម៌បានបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូង, (ទី២)-ការជំរុញយន្តការដោះលែងដោយមានលក្ខខណ្ឌ, និង(ទី៣)-ការពិនិត្យពិចារណាក្នុងយន្តការថ្នាក់ជាតិ ទាក់ទងនឹងការបន្ធូរបន្ថយទោស និងលើកលែងក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។

ឯកឧត្តម កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញសេចក្តីណនាំ ជម្រាបមកឯកឧត្តមប្រធានសាលាដំបូងរាជធានី ខេត្ត ឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្តកម្មវត្ថុ ៖ សេចក្ដីណែនាំស្តីពីគោលការណ៍ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលអយ្យការ ដំណាក់កាល ស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿង និងដើម្បី រួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។

កន្លងមក នៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី ខេត្ត ដែលក្រសួងយុត្តិធម៌បានដាក់ចេញកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ និងក្នុងគោលដៅចូលរួមចំណែកក្នុងការកាត់ បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្រសួងយុត្តិធម៌បានចេញសេចក្ដីណែនាំលេខ ០១កយ.សណន/២០ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយបានណែនាំអំពីគោលការណ៍ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាល អយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ សម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត។

ក្រសួងយុត្តិធម៌ពិនិត្យឃើញថា នៅក្នុងរយៈពេល១ឆ្នាំ ១ខែនៃការអនុវត្តយុទ្ធនាការខាងលើ, សាលាដំបូងរាជធានី ខេត្តបានចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលការណ៍ណែនាំដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលទាំង៣ខាងលើនៃដំណើរការនីតិវិធីតុលាការ។ ជាលទ្ធផលឃើញថា ទាំងសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ ទាំងសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីជាច្រើន ត្រូវបានតុលាការចាត់ការបានយ៉ាងឆាប់រហ័ស ស្របតាមនីតិវីធីច្បាប់ ហើយបានចូលរួមចំណែកក្នុងការ កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយកម្រិតផងដែរ ដែលមានខ្លឹមសារលម្អិតដូចមានក្នុង សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងយុត្តិធម៌។

ដោយផ្អែកលើលទ្ធផលល្អប្រសើរនៃការអនុវត្តគោលការណ៍ណែនាំ ក្នុងក្របខណ្ឌនៃការអនុវត្ត យុទ្ធនាការខាងលើ និងដោយយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមព្រហ្មទណ្ឌ ព្រមទាំងសេចក្ដីណែនាំ រួម នឹងសារាចរពាក់ព័ន្ធនានា ក៏ដូចជាដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿង និងដើម្បីចូលរួមចំណែក ដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងយុត្តិធម៌សូមធ្វើការណែនាំជាថ្មីដល់សាលាដំបូងរាជធានី ខេត្ត ឱ្យបន្តអនុវត្តគោលការណ៍ណែនាំដែលត្រូវបានកំណត់នៅក្នុងសេចក្ដីណែនាំលេខ ០១ កយ.សណន/២០ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួងយុត្តិធម៌សូមរំលឹកឡើងវិញអំពីខ្លឹមសារសំខាន់ៗ ដូចតទៅ៖

១-អំពីគោលការណ៍នៅក្នុងដំណាក់កាលអយ្យការ

វិធីនៃការចោទប្រកាន់ចំពោះបទល្មើសព្រហ្មទណ្ឌ មានចែងនៅក្នុងមាត្រា៤៣ និងមាត្រាពាក់ព័ន្ធ បន្តបន្ទាប់នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ យោងតាមមាត្រា ៤៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ វិធីនៃការចោទប្រកាន់ រួមមាន៖ (១)-ការបើកការស៊ើបសួរ (២)-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់ និង(៣)-ការបង្ហាញខ្លួនភ្លាម។ កន្លងមក ក្រសួងយុត្តិធម៌បានពិនិត្យឃើញថា អយ្យការអមសាលាដំបូងរាជធានី ខេត្ត ពុំសូវបានប្រើវិធីចោទ ប្រកាន់ តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាមនោះទេ ក៏ប៉ុន្តែតែងប្រើវីធីចោទប្រកាន់ ចំពោះបទមជ្ឈិមតាមរយៈការបើកការស៊ើបសួរ ដែលជាបច្ច័យនាំឱ្យមានការកើនឡើងជាច្រើននូវសំណុំរឿង នៅក្នុងដំណាក់កាលស៊ើបសួរ។

ដើម្បីពន្លឿនចំណាត់ការលើសំណុំរឿង ជាពិសេសការកាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុង ដំណាក់កាលស៊ើបសួរ ក្រសួងយុត្តិធម៌សូមធ្វើការណែនាំ និងលើកទឹកចិត្តឱ្យអយ្យការអមសាលាដំបូង រាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់អាទិភាពប្រើវិធី ចោទប្រកាន់ចំពោះបទមជ្ឈិម តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាម ដោយផ្អែកតាម អង្គហេតុនៅក្នុងសំណុំរឿងនីមួយៗ និងផ្អែកតាមលក្ខខណ្ឌ និងនីតិវិធីដែលមានចែងនៅក្នុងក្រមនីតិវិធី ព្រហ្មទណ្ឌ។

២-អំពីគោលការណ៍នៅក្នុងដំណាក់កាលស៊ើបសួរ

គោលការណ៍នៃការឃុំខ្លួនបណ្តោះអាសន្ន មានចែងនៅក្នុងមាត្រា ២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ យោងតាមស្មារតីនៃមាត្រា ២០៣ នេះ ជាគោលការណ៍ ជនត្រូវចោទត្រូវតែមានសេរីភាព ហើយក្នុងករណី ពិសេស ជនត្រូវចោទអាចត្រូវឃុំខ្លួនបណ្តោះអាសន្នក្នុងលក្ខខណ្ឌដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។ ទន្ទឹមនេះ ក្រមនីតិវិធីព្រហ្មទណ្ឌក៏ចែងផងដែរអំពីការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលជាវិធានការនិរន្តរាយមួយដែលអាចយកទៅប្រើ ដើម្បីធានាដល់ដំណើរការនីតិវិធីនៃការស៊ើបសួរ ជំនួសឱ្យវិធានការនៃការឃុំខ្លួនបណ្តោះអាសន្ន តាមរយៈការដាក់ឱ្យជនត្រូវចោទជាប់នូវកាតព្វកិច្ច មួយចំនួនដូចមានចែងក្នុងមាត្រា ២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

កន្លងមក ក្រសួងយុត្តិធម៌បានពិនិត្យឃើញថា វិធានការនៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការពុំសូវត្រូវបានប្រើឱ្យបានទូលំទូលាយស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌនៅឡើយទ ហើយជាទូទៅ ចៅក្រមស៊ើបសួរបានប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការសម្រេចជ្រើសយកការឃុំខ្លួន បណ្តោះអាសន្នជាវិធានការនិរន្តរាយ ដើម្បីធានាដល់ដំណើរការនៃការស៊ើបសួរ ដែលជាកត្តារួមចំណែកនាំ ឱ្យមានការកើនឡើងនៃជនជាប់ឃុំនៅតាមពន្ធនាគារ។

ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារ ក្រសួងយុត្តិធម៌ សូមធ្វើការណែនាំចំពោះការអនុវត្តវិធានការនិរន្តរាយនៅក្នុងដំណាក់កាលស៊ើបសួរដូចតទៅ៖

-ចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ក្នុងការពន្លឿនការអនុវត្តនីតិវីធីស៊ើបសួររបស់ខ្លួនឱ្យ បានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
-ចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមមាត្រា ២០៣ និងមាត្រាពាក់ព័ន្ធបន្តបន្ទាប់នៃក្រមនីតិវីធីព្រហ្មទណ្ឌ ទាក់ទងនឹងការឃុំខ្លួន បណ្តោះអាសន្ន ជាពិសេសស្មារតីនៃការគោរពគោលការណ៍សេរីភាពជាចម្បង និងគោលការណ៍សន្មត ទុកជាមុនថាគ្មានទោស។ ការឃុំខ្លួនបណ្តោះអាសន្ន គប្បីត្រូវបានប្រើសម្រាប់តែចំពោះបទឧក្រិដ្ឋ ឬបទ មជ្ឈិម ដែលមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរ ហើយក្នុងលក្ខខណ្ឌដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ជាពិសេស ក្នុងករណីដែលការឃុំខ្លួនបណ្តោះអាសន្ននោះ គឺជាមធ្យោបាយតែមួយគត់ និងចាំបាច់ដើម្បីធានា ដល់ដំណើរការស៊ើបសួរតប៉ុណ្ណោះ។

-លើកទឹកចិត្តឱ្យចៅក្រមស៊ើបសួរប្រើឱ្យអស់លទ្ធភាព និងឱ្យបានទូលំទូលាយ ដោយផ្អែក តាមអង្គហេតុជាក់ស្ដែងនៃសំណុំរឿងនីមួយៗ ក្នុងការសម្រេចជ្រើសសយកការដាក់ឱ្យស្ថិតនៅក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ វិធានការនិរន្តរាយ ជំនួសឱ្យវិធានការនៃការឃុំខ្លួនបណ្តោះអាសន្ន ដើម្បី ធានាដល់ដំណើរការនៃការស៊ើបសួរ ស្របតាមបញ្ញត្តិចាប់ពីមាត្រា ២២៣ ដល់មាត្រា ២៣០ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ ជាពិសេសចំពោះបទមជ្ឈិមដែលមិនមានភាពស្មុគស្មាញ និងមិនធ្ងន់ធ្ងរ។ ក្នុងករណីដែលវិធានការ នេះត្រូវបានប្រើ, ចៅក្រមស៊ើបសួរត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តតាមស្មារតីនៃសារាចរលេខ ០១ កយ.សរ/១៤ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ របស់ក្រសួងយុត្តិធម៌។

៣-អំពីគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះ

របបនៃការប្រកាសទោសមានចែងនៅក្នុងក្រមព្រហ្មទណ្ឌត្រង់គត្ថីទី១. មាតិកាទី៣ ជំពូកទី៣។ យោងតាមស្មារតីនៃក្រមព្រហ្មទណ្ឌ ការសម្រេចអំពីទោសៈ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម ប៉ុន្តែ ការសម្រេច នេះ ជាទូទៅ ត្រូវផ្អែកលើមូលដ្ឋាននៃការការពារផលប្រយោជន៍ផ្នែកសន្តិសុខសាធារណៈ និងសណ្តាប់ធ្នាប់ សង្គម ការការពារសិទ្ធិបុគ្គលស្របតាមច្បាប់ និងជាពិសេសការបម្រើឱ្យគោលបំណងនៃទោសព្រហ្មទណ្ឌ ក្នុងការបង្ការ ទប់ស្កាត់ការប្រព្រឹត្តបទល្មើសនាពេលអនាគត ក៏ដូចជាអប់រំកែប្រែទណ្ឌិតឱ្យចូលទៅរួមរស់ នៅក្នុងសង្គមជាតិវិញ។

ផ្អែកតាមស្មារតីនេះ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារ ក្រសួងយុត្តិធម៌សូមធ្វើការណែនាំដូចតទៅ៖

-តុលាការ គប្បីយកចិត្តទុកដាក់ក្នុងការពន្លឿនការបើកសវនាការ និងចេញសាលក្រម ឱ្យបាន ឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។

-ចំពោះការអនុវត្តរបបនៃការប្រកាសទោស តុលាការគប្បីពិចារណាប្រកាសទោសដោយមានការ ចាត់ចែងក្នុងការអនុវត្ត ដោយផ្អែកតាមគោលការណ៍ឯកត្តកម្មនៃទោស, អង្គហេតុនៃបទល្មើស, កាលៈទេសៈ នៃការប្រព្រឹត្តបទល្មើស និងបុគ្គលិកលក្ខណៈរបស់ជនជាប់ចោទ សំដៅធានាដល់គោលបំណងនៃទោស ស្របតាមស្មារតីនៃច្បាប់។ ទន្ទឹមនេះ ដោយផ្អែកតាមអង្គហេតុជាក់ស្តែងនៃសំណុំរឿងនីមួយៗ តុលាការ ត្រូវបានលើកទឹកចិត្តឱ្យប្រើរបបនៃការព្យួរទោស ជាពិសេសការព្យួរទោសសាកល្បងឱ្យអស់លទ្ធភាព និង ឱ្យបានទូលំទូលាយ ផ្អែកតាមអង្គហេតុជាក់ស្ដែងនៃសំណុំរឿងនីមួយៗ ដើម្បីផ្តន្ទាទោសជនជាប់ចោទ ស្របតាមបញ្ញត្តិចាប់ពីមាត្រា ១០៤ ដល់មាត្រា ១២៣ នៃក្រមព្រហ្មទណ្ឌ ជាពិសេសចំពោះបទមជ្ឈិមដែលមិនមានភាពស្មុគស្មាញ និងមិនធ្ងន់ធ្ងរ។ ក្នុងករណីដែលតុលាការសម្រេចជ្រើសយកការប្រកាស ការព្យួរទោសសាកល្បង តុលាការត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តតាមស្មារតីនៃសារាចរ លេខ ០២ កយ,សរ/១៤ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ របស់ក្រសួងយុត្តិធម៌។

ទទួលបានការណែនាំនេះ ឯកឧត្តម លោកជំទាវ ជាប្រធានសាលាដំបូង និងជាព្រះរាជអាជ្ញាអម សាលាដំបូងរាជធានី ខេត្ត ត្រូវចាត់ចែងអនុវត្ត និងណែនាំអនុវត្តដល់ចៅក្រម ព្រះរាជអាជ្ញារង និងតួអង្គ ពាក់ព័ន្ធនៅតាមអង្គភាពរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ស្របតាមគោលបំណង និងស្មារតីនៃច្បាប់ សំដៅ បង្កើនប្រសិទ្ធភាពនៃយុត្តិធម៌ព្រហ្មទណ្ឌ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង