គម្រោង Build Back Better នឹងជម្រុញសក្តានុពល អេកូទេសចរណ៍ នៅតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា
ព្រៃឡង់ ៖គម្រោង USAIDព្រៃឡង់បៃតងបានផ្តល់ជំនួយដល់ក្រុមហ៊ុនសំវាសនា ខន់សឺវេសិនធួរ ក្នុងការគាំទ្រដល់គម្រោងប្រកបដោយភាពច្នៃប្រឌិតមួយដើម្បីជំរុញអេកូរទេសចរណ៍នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនសំវាសនានិងគណៈកម្មាការសហគមន៍អេកូទេសចរណ៍ត្មាតប៉ើយ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU) ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីចាប់ផ្តើមគម្រោងBuild Back Better ។
គម្រោងBuild Back Better មានគោលបំណងប្រែក្លាយផ្ទះសម្រាកលំហែរនៅសហគមន៍អេកូទេសចរណ៍ត្មាតប៉ើយអោយទៅជាកន្លែងទេសចរណ៍ធម្មជាតិលំដាប់ពិភពលោក ដោយផ្តល់ជូននូវកន្លែងស្នាក់នៅប្លែក និងប្រកបដោយផាសុកភាពសម្រាប់អ្នកទស្សនា។ ប្រែក្លាយត្មាតប៉ើយ អោយទៅជាមជ្ឈមណ្ឌលកណ្តាល ដែលផ្តល់ការងាយស្រួលចូលទៅកាន់ទីតាំងទេសចរណ៍ធម្មជាតិដ៏ទៃទៀតដែលដឹកនាំដោយសហគមន៍ និងតំបន់ទេសចរណ៍នៅតំបន់ភាគខាងជើងដូចជាប្រាសាទព្រះវិហារ និងភ្នំត្បែង។ អភិវឌ្ឍផលិតផលដែលនឹងទាក់ទាញចំណែកទីផ្សារកាន់តែធំសម្រាប់អ្នកចូលចិត្តទស្សនាសត្វស្លាប និងអ្នកចូលចិត្តធម្មជាតិ ពេញមួយឆ្នាំដែលរួមមានការធ្វើដំណើរនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដំណើរទេសចរណ៍បែបកសិកម្មទៅសហគមន៍ផលិតស្រូវមិត្តភាពសង្គ្រោះសត្វព្រៃIBIS Rice និងការធ្វើដំណើរទៅកាន់ប្រាសាទបុរាណនៅក្នុងភូមិព្រៃវែង។ ផ្សព្វផ្សាយតំបន់ត្មាតប៉ើយ និងទីតាំងអេកូទេសចរណ៍ផ្សេងទៀតទៅដល់ក្រុមហ៊ុនទេសចរណ៍ជាច្រើន។ និងបង្កើតប្រព័ន្ធបញ្ជាទិញតាមអ៊ីនធឺណិតដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរអាចកក់នូវដំណើរកំសាន្តទៅកាន់តំបន់ភាគខាងជើងនៃប្រទេសកម្ពុជាពីប្រព័ន្ធកណ្តាលតែមួយ។
ជាមួយនឹងគម្រោង Build Back Better តំបន់ត្មាតប៉ើយនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិប្រចាំតំបន់ ផ្តល់ផលិតផលទេសចរណ៍ផ្សេងៗដល់ចំណែកទីផ្សារភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិ និងផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានពីសកម្មភាពទេសចរណ៍បានពេញមួយឆ្នាំ មិនត្រឹមតែក្នុងរដូវមានភ្ញៀវទេសចរច្រើនពីខែវិច្ឆិកាដល់ខែមីនាប៉ុណ្ណោះទេ។ នៅពេលដែលប្រជាជនយល់ដឹងពីទំនាក់ទំនងរវាងការការពារតំបន់ធម្មជាតិជាមួយនិងប្រាក់ចំណូលពីវិស័យទេសចរណ៍ ពួកគាត់នឹងមិនប្រព្រឹត្តបទល្មើសផ្សេងៗដូចជាកាប់ឈើ ខុសច្បាប់ឬបរបាញ់សត្វព្រៃដើម្បីធានាថាពួកគាត់នឹងទទួលបានប្រាក់ចំណូលយូរអង្វែងពីវិស័យទេសចរណ៍៕