ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

455

 

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ជួបសម្ដែងការគួរសម និងពិភាក្សាការងារតាមប្រព័ន្ធZoom។

ក្នុងជំនួបនោះលោកជំទាវអគ្គលេខាធិការរងអង្គការរងអង្គការសហប្រជាជាតិ បានជម្រាបជូនសម្ដេចក្រឡាហោម អំពីការរៀបចំកិច្ចប្រជុំតុមូលលើកទី២ ថ្នាក់រដ្ឋមន្ត្រីស្ដីពីការងារការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងការគោរពអញ្ជើញសម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំលើកទី២ ដែលលោកស្រីបានជម្រាបជូននេះ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណជូនលោកជំទាវ អគ្គលេខាធិការរង ដែលបានជម្រាបជូនអំពីកម្មវិធីខាងលើ ហើយជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងការអបអរសាទរ កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្ថិតិអត្រានុកូលដ្ឋានដែលរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះសម្ដេចក៏បានថ្លែងគាំទ្រឱ្យ មានជាវេទិកាកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីនេះ។

សម្ដេច ក៏បានជម្រាបជូនលោកជំទាវ អំពីបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធ នឹងការងារអត្រានុកូលដ្ឋានរបស់កម្ពុជា ដោយសម្ដេចបានជម្រាបជូនថាកម្ពុជា បាននិងកំពុងតែខិតខំយកចិត្តទុកដាក់ធ្វើការងារនេះយ៉ាងសកម្ម ហើយកម្ពុជាក៏មានផែនការយុទ្ធសាស្ត្ររបស់ខ្លួន ២០១៧-២០២១ ដែលផែនការនេះ កំពុងអនុវត្តរហូតដល់បច្ចុប្បន្ន។

សម្ដេច បន្តថាទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់រៀបចំ សេចក្ដីព្រាងច្បាប់សំខាន់ៗមួយចំនួន ជាច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្មជាដើម ដែលក្នុងគោលដៅជាសំខាន់ គឺខិតខំធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅមួយ គឺមនុស្សម្នាក់មានអត្តសញ្ញាណមួយ។

សម្ដេច ក៏បានចាត់ទុកថា កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ខាងមុខនេះ ក៏ជាឱកាសមួយក្នុងការបង្កើតភាពដៃគូថ្មីមួយទៀត ដើម្បីរួមចំណែកដល់កិច្ចការរបស់កម្ពុជា ក្នុងវឌ្ឍនភាពនៃការងារអត្រានុកូលដ្ឋាន ដែលកម្ពុជាកំពុងតែអនុវត្តពេលនេះ។

លោកជំទាវអគ្គលេខាធិការរង ក៏បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះកម្ពុជា ដែលបានបង្កើតនូវផែនការជាតិរយៈពេល១០ឆ្នាំ ២០១៧-២០២៤ ហើយទន្ទឹមគ្នានេះមកដល់ពេលនេះ មានរយៈពេល៤ឆ្នាំមកហើយ និងសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់មួយចំនួន ដែលសម្ដេចបានជម្រាបជូនក្នុងគោលដៅ ធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋម្នាក់ មានអត្តសញ្ញាណតែមួយ។

លោកជំទាវ ក៏បានជម្រាបជូនដែរថាគោលបំណង នៃការរៀបចំនូវសន្និសីទ កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ក៏ជាគោលបំណងមួយ ក្នុងការជំរុញប្រទេសនានា ដែលចូលរួមនោះបង្ហាញពីបទពិសោធន៍ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពាក់ព័ន្ធទៅនឹងការងារអត្រានុកូលដ្ឋាននេះផងដែរ។

ចំពោះកិច្ចប្រជុំនេះដែរ លោកជំទាវបានជម្រាបជូនសម្ដេច បន្តថា លោកជំទាវសូមគោរពអញ្ជើញសម្ដេច ចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងនូវសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពការងារ ដែលកម្ពុជាសម្រេចបានលើការងារ អត្រានុកូលដ្ឋាន ស្តិតិអត្រានុកូលដ្ឋាននេះ ដែលកិច្ចការនេះមានសារៈសំខាន់ និងពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្រេចឱ្យបាននូវគោលដៅទី១៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

ជាការឆ្លើយតបការអញ្ជើញនេះ សម្ដេចសូមថ្លែងអំណរគុណ និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើម រៀបចំកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីនេះ ហើយសម្ដេចនឹងអញ្ជើញចូលរួមតាមការអញ្ជើញ និងបានបញ្ជាក់ទៀតថាកិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការធ្វើសេចក្ដីថ្លែងការណ៍ ដើម្បីចែករំលែកបទពិសោធន៍ខ្លះៗ ដែលកម្ពុជាសម្រេចបានក្នុងពេលកន្លងមក។

សម្ដេច ក៏បានជម្រាបជូនលោកជំទាវដែរថា ផ្អែកលើប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ដែលកិច្ចការអត្រានុកូលដ្ឋាននេះ ត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើកិច្ចការនេះ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ច្រើន តាមយុទ្ធសាស្ត្រដែលបានដាក់ចេញកន្លងមក ដើម្បីបំរើកិច្ចការប្រកបជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងសង្គម។

សម្ដេច បានថាមិនតែប៉ុណ្ណោះ វឌ្ឍនភាពការងារអត្រានុកូលដ្ឋាននេះ ក៏បានបម្រើទៅដល់ការងារចុះឈ្មោះបោះឆ្នោត និងការងារផ្ដល់អត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋផងដែរ។

លោកជំទាវ បានថ្លែងអំណរគុណជូនសម្ដចចំពោះព័ត៌មានអំពីវឌ្ឍនៈភាព នៃការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានរបស់កម្ពុជា និងបានបន្តថាអង្គការសហប្រជាជាតិ នៅតែបន្តជួយគាំទ្រដល់កម្ពុជា លើការងារនេះជាបន្តទៀត។

សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណ លោកជំទាវចំពោះការប្ដេជ្ញាចិត្ត ជួយកម្ពុជាលើការងារនេះ។ សម្ដេចក៏បានជូនពរលោកជំទាវ ឱ្យទទួលបានជោគជ័យ ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង