ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ទទួលមរណភាព ក្នុងអាយុ ៧៩ ឆ្នាំ

227

 

ភ្នំពេញ ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ រដ្ឋសភាបានបញ្ជាក់ថា លោក ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាព នៅវេលាម៉ោង១០និង៣០នាទី ព្រឹក ថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ នៅគេហដ្ឋាន។

លោក ងួន ញិល ទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ សពតម្កល់នៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោក ងួន ញិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ហើយក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ១៩៨៩ -១៩៩៣។

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា មានសេចក្ដីសោកស្ដាយ និងក្រៀមក្រំចំពោះដំណឹងមរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព
នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ដ៏ធំធេងនូវ ឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌មួយរូប ព្រមទាំងជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ពេញមួយជីវិតចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញាត្តិ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការទី៧ ចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង