ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ វាយតម្លៃខ្ពស់ចំពោះក្រុមការងារសិស្ស-និស្សិត បង្កើត Drone និង CubeSat

31

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារសិស្ស-និស្សិត ដែលបានសិក្សាស្រាវជ្រាវ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្កើត Drone និង CubeSat។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគុណសម្បត្តិ គុណវិបត្តិ នៃការប្រើប្រាស់ Drone និង CubeSat ដែលក្រុមសិស្ស-និស្សិតបានបង្កើត និងកម្រិតនៃការស្រាវជ្រាវបច្ចេកវិទ្យាធៀបនឹងការអភិវឌ្ឍបច្ចេកវិទ្យាជាសកល។

ការថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់របស់លោកទេសរដ្ឋមន្រ្តី គឺធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងក្រុមការងារសិស្ស-និស្សិតដែលបានបង្កើត Drone និង CubeSat ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្រោមឱវាទក្រសួង សាស្ត្រាចារ្យ និងក្រុមការងារសិស្ស-និស្សិតបង្កើត Drone និង CubeSat សរុបប្រមាណ២២រូប។ ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រឹងសមត្ថភាពជំនាញ ការចែករំលែកនូវបទពិសោធន៍ចំណេះដឹង និងការផ្តល់អនុសាសន៍ល្អៗ ជូនដល់សិស្ស-និស្សិត និងអ្នកវិទ្យាសាស្រ្ត ដែលអាចជាមូលដ្ឋានគន្លឹះក្នុងការសិក្សាស្វែងយល់ និងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត។

ក្នុងឱកាសទទួលជួបសំណេះសំណាលនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍ ដោយបានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញលេញ និងបានចែករំលែកនូវទស្សនៈ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលអាចបង្កើតនូវគំនិតច្នៃប្រឌិតប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការសកល និងតំបន់ ជាពិសេសភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានផ្ដល់នូវអនុសាសន៍ និងបង្ហាញផ្លូវក្នុងការរកឯកសារស្រាវជ្រាវបន្ថែមទៀត តាមប្រព័ន្ធអ៊ិនធើណេត ជាពិសេសការខិតខំស្វែងរករបកគំហើញ ដែលមានប្រកាសនីយបត្រតក្កកម្ម តាមរយៈគេហទំព័រ Espacenet និងបច្ចេកវិទ្យាដែលមានស្រាប់ ដែលការស្រាវជ្រាវកម្រិតមូលដ្ឋាននេះ អាចមានប្រយោជន៍ឈានដល់ការស្រាវជ្រាវកម្រិតខ្ពស់បន្ត។ បន្ថែមពីនេះទៀត លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានផ្តល់នូវឯកសារពាក់ព័ន្ធមួយចំនួនទាក់ទង នឹងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដល់ក្រុមការងារសិស្ស-និស្សិត ដើម្បីជាមូលដ្ឋានក្នុងការសិក្សាជ្រាវជ្រាវបន្ថែម។

អ្នកតំណាងក្រុមការងារនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានធ្វើបទឧទ្ទេសនាម អំពីការបង្តើត Drone។ គោលបំណងនៃការបង្កើត Drone គឺដើម្បីបង្ហាញពីសមត្ថភាព និងលើកកម្ពស់វិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា និងចរិតលក្ខណៈរបស់បច្ចេកវិទ្យា។ ក្រុមការងារតំណាងនិស្សិត បានបង្ហាញអំពីដំណើរការនៃការផលិត Drone និងលើក យកពីលទ្ធភាពនៃការប្រើប្រាស់ Drone ក្នុងការថតរូបនិងវីដេអូ។ Drone នេះ ក៏អាចប្រើប្រាស់ក្នុងវិស័យកសិកម្ម យោធា ដឹកជញ្ជូន ដឹកមនុស្ស និងពន្លត់អគ្គិភ័យ… ជាដើម។ លើសពីនេះទៅទៀត ក្រុមការងារតំណាងនិស្សិត ក៏បានបង្ហាញពីផែនការបន្ត ក្នុងរយៈពេល២ឆ្នាំ ដែលផ្តោតសំខាន់លើការកែសម្រួលតួ Drone ការតម្លើងប្រព័ន្ធសុវត្ថិភាព ការសាកល្បងបង្ហោះក្នុងរយៈកម្ពស់ ១០០ម៉ែត្រ និងការកំណត់ប្រព័ន្ធហោះហើរដោយស្វ័យប្រវត្តិ។

អ្នកតំណាងក្រុមការងារសិស្ស នៃ E2STEM បានធ្វើបទឧទ្ទេសនាមអំពីការបង្តើត CubeSat។ អ្នកតំណាងក្រុមការងារ បានបង្ហាញពីលក្ខណៈរបស់ CubeSat រួមមាន សមាសធាតុចម្បង ការសិក្សាពីដំណើរការ ការកំណត់ទីតាំងបង្ហោះ និងធ្លាក់ មុខងារថតរូបលើអាកាស ការកំណត់អាកាសធាតុ ការកំណត់ការបំពុលខ្យល់ដោយ PM2.5 របស់ CubeSat។ ក្រុមការងារសិស្ស នៃ E2STEM មានផែនការបង្កើត CubeSat ដែលអាចបង្ហោះក្នុងស្រទាប់បរិយាកាស ប្រហែលរយៈកម្ពស់៣០០គីឡូម៉ែត្រពីដី។ ក្រុមការងារនេះ មានមហិច្ឆតាក្នុងការចែករំលែកចំណេះដឹងទៅសិស្ស-និស្សិត យុវជន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង