ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល២៦ថ្ងៃ កងទ័ពចាក់ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៦០ម៉ឺននាក់

49

 

ភ្នំពេញ៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៦០ម៉ឺននាក់ហើយក្នុងរយៈពេល ២៦ថ្ងៃកន្លងទៅនេះ។

ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ទទួលភារកិច្ចចាក់ដូសជំរុញនៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។

យោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបានចំនួនសរុប ៦០៦,៥៩១នាក់ ក្នុងនោះមានស្រ្តី ៣៥០,៩៥១នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ លើកឡើងថា ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដំណើរការបានល្អប្រសើរទៅតាមគ្រោងទុកមិនមានឧបសគ្គអ្វីច្រើននោះឡើយ។ លោកក៏បានកត់សម្គាល់ឃើញដែរថា ប្រជាពលរដ្ឋបានចូលរួមចាក់វ៉ាក់សាំងដូសជំរុញនេះយ៉ាងសស្រាក់សស្រាំ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅតែបន្តអំពាវនាវប្រជាពលរដ្ឋទោះបីរវល់អ្វីក៏ដោយ ត្រូវតែឆ្លៀតទៅចាក់ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបានកងការពារសុខភាពកាន់តែប្រសើរពីមេរោគកូវីដ១៩។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុននានា ជួយផ្តល់ឱកាសឱ្យបុគ្គលិក កម្មករ និយោជិត បម្រើការងារនៅតាមក្រុមហ៊ុនរបស់ខ្លួន ព្រមទាំងកម្មករនៅតាមការដ្ឋានសំណង់ បានទៅចាក់ដូសជំរុញឱ្យបានគ្រប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង