ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាថ្នាក់តំបន់ ស្តីពី ” ដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយ សុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញ ប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន

43

 

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៣:00 រសៀលថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា សាលាថ្នាក់តំបន់ (តាមប្រព័ន្ធ Zooming) ស្តីពី ” ដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយ សុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន “។
សិក្ខាសាលាដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីលោកជំទាវ Armida Salsiah Alisjahbana នាយកអង្គការ UN ESCAP ឯកឧត្តម Jong-Jin Kim ជំនួយការអង្គនាយកអង្គការ FAO ទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមទាំងតំណាងប្រទេសសមាជិកអាស៊ានមួយចំនួន និងដៃគូអភិវឌ្ឍន៍។

បន្ទាប់ពីលោកជំទាវ Armida Salsiah Alisjahbana និង ឯកឧត្តម Jong-Jin Kim ថ្លែងសន្ទរកថាបើក ស្វាគមន៍ និងមានចំណាប់អារម្មណ៍ទាក់ទងនឹងប្រធានបទខាងលើប្រកបដោយអត្ថន័យយ៉ាងជ្រាវជ្រៅរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោក ជំទាវ សមាជិក សមាជិកា ដែលអញ្ជើញមកពីបណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសអង្គការ ESCAP និង ASSET និងភាគីពាក់ព័ន្ធដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង ស្របពេលដែលស្ថានភាពជារួមនៃជំងឺឆ្លងសកលកូវីដ-១៩ នៅតាមបណ្តាប្រទេសសមាជិកមួយចំនួន ជាពិសេសព្រះរាជាណាចក្រកម្ពុជា មានលក្ខណ:ល្អប្រសើរជាបណ្តើរៗទៅរកប្រក្រតីភាពឡើងវិញ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងទៅកាន់អង្គសិក្ខាសាលា ដោយបញ្ជាក់ធ្ងន់ថា វិស័យកសិកម្មកម្ពុជាបានវិវត្តន៍យ៉ាងឆាប់រហ័សចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 2000 ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ GDP ប្រមាណេជា 30% និងស្រូបយកកម្លាំងពលកម្មក្នុងស្រុកប្រហែល 60% មុនវិបត្តិកូវីដ-១៩។ កត្តាវិជ្ជមានទាំងអស់នេះ បណ្តាលមកពីការពង្រីកដីកសិកម្មទាំងនៅតំបន់ទំនាប និងតំបន់ខ្ពង់រាប និងការកើនឡើងនៃផលិតភាពផលិតកម្មដោយសារការកើនឡើងនៃការប្រើគ្រឿងយន្តកសិកម្ម ប្រព័ន្ធធារាសាស្រ្ត ធាតុចូលកសិកម្មដូចជាពូជសត្វ ពូជដំណាំ និងបន្លែគ្រប់ប្រភេទ ជីគីមី និងថ្នាំសម្លាប់សត្វល្អិត។ល។ ដោយឡែកចំពោះការនាំចេញ កម្ពុជា បាននាំចេញកសិផលមានអង្ករ ពោត ដំឡូងមី ចេក គ្រាប់ស្វាយចន្ទី និងផលិតផលកៅស៊ូធម្មជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយ។

យើងទទួលស្គាល់ថា ការប្រើប្រាស់ដីកសិកម្ម ការកើនឡើងនៃការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់ សត្វល្អិត ពិតជាបាននាំឱ្យមានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ព្រមជា មួយការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាមានការថយចុះ មូលហេតុពីការ ធ្លាក់ ចុះ នៃ តម្រូវ ការ ទីផ្សារ និង ការ កើន ឡើង តម្លៃ ដឹក ជញ្ជូន សម្រាប់ ការ នាំ ចេញ។ ជារួម និងមិនអាចចៀសវាងបាន ការបម្រែបម្រួលអាកាសធាតុបានជះ ឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា ដែលប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់របស់ប្រជាពលរដ្ឋនៅជនបទ ហើយនៅថ្ងៃអនាគតសម្រាប់រយៈពេល ២០២៥ – ២០៥០ តំបន់កសិកម្មភាគច្រើននៃប្រទេសកម្ពុជាអាចបន្តជួបនឹងហានិភ័យដោយគ្រោះរាំងស្ងួត ហើយនៅក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នខ្ពស់ (SREAS-A2) ទិន្នផលកសិកម្មនឹងរងផលប៉ះពាល់ផងដែរ ជាក់ស្តែងផលប៉ះពាល់លើវិស័យកសិកម្មបណ្តាលមកពីគ្រោះមហន្តរាយ ដោយទឹកជំនន់មានប្រមាណ ៦២% និងគ្រោះរាំងស្ងួត ៣៦% ជាពិសេសកសិករខ្នាតតូចងាយរងគ្រោះ ដោយសារការពឹងផ្អែកលើទឹកភ្លៀង និងការមិនអាចផ្លាស់ប្តូរមុខដំណាំឲ្យស្របទៅតាមបម្រែបម្រួលអាកាសធាតុជាសកល។

កំណើនប្រជាជនបានធ្វើឲ្យការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីគម្របព្រៃឈើទៅជាដីកសិកម្ម និងការបង្វែរកសិកម្មបែបប្រពៃណីទៅជាកសិកម្មប្រពលវប្បកម្ម ឬប្រព័ន្ធកសិកម្មចម្រុះ កំណើនតម្រូវការកសិផលនៅលើទីផ្សារក្នុង និងក្រៅប្រទេស បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើគម្របព្រៃឈើដែលនៅសេសសល់តិចតួច ជីវចម្រុះ ការសឹករេចរិល និងការបាត់បង់គុណភាពដី ហើយពិតណាស់ បើគ្មានអន្តរាគមន៍បន្ទាន់ ច្បាស់លាស់ ពិតប្រាកដណាមួយដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះទេ ការប្រែប្រួលអាកាសធាតុនឹងបន្តឥទ្ធិពលយ៉ាងខ្លាំងតាមរយៈការថយចុះនៃទឹកភ្លៀង គ្រោះរាំងស្ងួត ការកើនឡើងកំដៅ ការហូរច្រោះដី ទឹកជំនន់ និងការរអិលបាក់ដី ដែលជាហេតុចំបងប៉ះពាល់ដល់ទិន្នផលកសិកម្មជាប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការស្ដារគុណភាពដី ការអភិរក្សប្រភពទឹក ព្រៃឈើធម្មជាតិ គឺជាតម្រូវការចាំបាច់បំផុតដើម្បីជំរុញនិរន្តរភាពកសិកម្ម និងរួមចំណែកដល់ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

នាពេលអនាគត ការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយភាពច្នៃប្រឌិត អភិរក្ស ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ឆ្លាតវៃ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមទាំងនេះ និងស្របតាមចក្ខុវិស័យអាស៊ាន និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យឆ្នាំ ២០១៦-២០២៥ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការបានចូលរួមក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងធានាសន្តិសុខស្បៀង។ ដើម្បីសម្រេចបាន ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម (២០១៩-២០២៣) បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពនិងសកម្មភាព ភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពគឺជាគោលការណ៍ស្នូលក្នុងការដោះស្រាយការបន្សាំ និងកាត់បន្ថយការប្រែ ប្រួលអាកាសធាតុ និងបញ្ហាទាក់ទងនឹងធនធានដីកសិកម្ម ដោយត្រូវបានផ្តល់ជាអាទិភាព រួមទាំងផែនការមេនៃវិស័យកសិកម្មឆ្នាំ ២០៣០ ក៏បានរំលេចនូវអាទិភាពនៃការលើកកម្ពស់ផលិតភាពកសិកម្ម ការធ្វើពិពិធកម្ម ប្រកបដោយនិរន្តរភាព ទំនើបភាវូបនីយកម្ម និងពាណិជ្ជកម្ម តាមរយៈការបង្កើនផលិតកម្មដំណាំ ព្រៃឈើ និងនិរន្តរភាពប្រព័ន្ធអេកូឡូស៊ីផងដែរ។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញយ៉ាងច្បាស់ពីឆន្ទ:របស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការសហការជាដៃគូជាមួយសហគមន៍អន្តរជាតិ ជាពិសេសប្រទេសសមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរិចរិលដីក្រោមក្របខណ្ឌរបស់ UNCCD ការកាត់បន្ថយភាពក្រីក្រ ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការសម្របខ្លួនទៅនឹងឥទ្ធិពលនៃបញ្ហានេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបាន ជូនអនុសាសន៍ដល់អង្គសិក្ខាសាលាទាក់ទងនឹងដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយសុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្បៀងអាហារមួយធានាបានសុវត្តិភាព វិបុលភាព និងសុខដុមនីយកម្មក្នុងតំបន់អាស៊ាននាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង