រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានលើកយកបញ្ហាសម្ព័ន្ធមេត្រីភាពត្រីភាគី អូស្ត្រាលី អង់គ្លេស និងអាមេរិក ដែលហៅថា AUKUS មកជម្រាបជូនសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានលើកយកបញ្ហាសម្ព័ន្ធមេត្រីភាពត្រីភាគី អូស្ត្រាលី អង់គ្លេស និងអាមេរិក ដែលហៅថា AUKUS មកជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបដោយផ្ទាល់នៅរសៀលថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពោលមុនពេលជួបលោកស្រី ម៉ារីស ផែន តែប៉ុន្មាននាទីប៉ុណ្ណោះ បានធ្វើការទស្សទាយថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា លោកស្រីរដ្ឋមន្ត្រីការបរទេសរូបនេះ នឹងជម្រាបសម្តេចអំពីសម្ព័ន្ធភាពត្រីភាគី AUKUS។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកព័ត៌មានថា លោកស្រី ម៉ារីស ផែន ពិតជាបានលើកបញ្ហានេះមកជម្រាបសម្តេចតេជោ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកស្រីដែលបានជម្រាបលើបញ្ហានេះផងដែរ។
បើទោះបីជាយ៉ាងណា លោក អ៊ាង សុផល្លែត មិនបានទម្លាយនូវការជជែកលំអិតលើបញ្ហានេះរវាងសម្តេចតេជោ និងលោកស្រី ម៉ារីស ផែន នោះឡើយ។
សម្ព័ន្ធភាពត្រីភាគី AUKUS ត្រូវបានគេដឹងថា គឺជាចំណងមេត្រីភាពមួយ ដែលបានបង្កើតឡើងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្រៅតែពីបញ្ហាខាងលើ នៅក្នុងជំនួបនេះ លោកស្រី ម៉ារីស ផែន ក៏បានសម្តែងនូវការរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជាផងដែរ។ លោកស្រី បានកត់សម្គាល់ថា កម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំង បើធៀបស្ថានភាពឆ្នាំ២០០២ និងឆ្នាំ២០០៥ ដែលលោកស្រីបានមកទស្សនកិច្ចនោះ។
លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា តាមរយៈការស្រោចវ៉ាក់សាំង រហូតឈានដល់ការបើកសាលារៀនឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ចតាមគន្លងថ្មី។
លោកស្រី ក៏បានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី។ សម្រាប់ក្របខណ្ឌទ្វេភាគី លោកស្រី បានសម្តែងនូវការរីករាយចំពោះផ្លែផ្កាទទួលបានពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យយោធា វិស័យអប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកស្រី បានជម្រាបសម្តេចតេជោថា រាជរដ្ឋាភិបាលអូស្ត្រាលី បានសម្រេចផ្តល់ជូនកម្ពុជានូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣លាន ២សែន ៥ម៉ឺនដូស។ ក្នុងនោះចំនួន ១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនដាច់ឆ្នាំ២០២១នេះ។
សម្រាប់ក្របខណ្ឌពហុភាគី លោកស្រី បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។ លោកស្រីសម្តែងនូវការពេញចិត្ត និងរីករាយខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ហើយលោកស្រី បានជម្រាបសម្តេចតេជោថា នឹងជួយកម្ពុជាឱ្យទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននេះ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយការវាយតម្លៃរបស់លោកស្រីប្រមុខការទូតរបស់អូស្ត្រាលី ចំពោះភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចតេជោ បានគូសបញ្ជាក់ថា អូស្ត្រាលី បានជួយកម្ពុជាយ៉ាងច្រើន លើវិស័យកសិកម្ម តាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវបង្កាត់ពូជស្រូវ លើវិស័យយោធា លើវិស័យអប់រំតាមរយៈការបើកសាលាបណ្តុះបណ្តាលនៅកម្ពុជា និងការបើកឱ្យសិស្សទៅរៀននៅអូស្ត្រាលី ក៏ដូចជាការផ្តល់វ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្នុងក្របខណ្ឌអាស៊ាន សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អូស្ត្រាលី នឹងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីឈានឆ្ពោះទៅរកការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីរងការកាត់ផ្តាច់ដោយសារជំងឺកូវីដ១៩៕