បញ្ជូនជនជាតិចិនចំនួន ៤នាក់ ទៅតុលាការ ជួញដូរគ្រឿងញៀនជិត ៣គីឡូក្រាម
ព្រះសីហនុ៖ ការិយាល័យបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិនចំនួន ៤នាក់ ដែលជួញដូរគ្រឿងញៀនជិត ៣គីឡូក្រាម ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
កងកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ឈ្មោះ shi xue cheng ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរមេការខារ៉ាអូខេ មានស្រុកកំណើតនៅស្រុកពិនស៊ី ខេត្តលាវនីង ប្រទេសចិន បច្នុប្បន្នស្នាក់នៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ, ឈ្មោះ Pan yi ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅប្រទេសចិន បច្នុប្បន្នស្នាក់នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ, ឈ្មោះ Li xin ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅខេត្តសឿឆ័ន ប្រទេសចិន បច្ចុប្បន្នស្នាក់នៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងឈ្មោះ chen xiao tian ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅស្រុកជួរជាំងឆឹង ខេត្តសាន្តទូឈុន ប្រទេសចិន បច្ចុប្បន្នកន្លែងស្នាក់នៅមិនពិតប្រាកដ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមសថ្លាចំនួន ៣កញ្ចប់ធំ ទម្ងន់ ២.៨៨៤,៦៦ក្រាម, ជ្រញ់ចំនួន ៧ និងសម្ភារៈប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
សូមរំលឹកថា៖ កាលពីយប់រំលងអធ្រាត្រនៅវេលាម៉ោង ០០ និង១០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញមន្ទីរយុត្តិធម៌ ដោយមានការសម្របសម្រួលពីលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងខេត្ត បានចុះបង្រ្កាបរណីបទល្មើសគ្រឿងញៀន នៅចំណុចក្លឹបកម្សាន្តអ៊ីតៃជាយិន របស់ជនជាតិចិន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់ផងដែរ។
ក្រោយពីការសាកសួររួច កម្លាំងជំនាញបានអប់រំឲ្យវិញត្រលប់ទៅលំនៅដ្ឋានវិញចំនួន ៩នាក់ (ស្រីចំនួន៥នាក់)៕