ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រេចផ្ដន្ទាទោសថៅកែគ្រឿងបន្លាស់រថយន្តដាក់ពន្ធនាគារកំណត់៩ខែ និងបានបង្គាប់អោយ សងប្រាក់ទៅដើមបណ្ដឹងជាង៣លានដុល្លារ និងសងជំងឺចិត្ត ២០០លានរៀល

85

 

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ កាលពីព្រឹកថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសថៅកែគ្រឿងបន្លាស់រថយន្ត ដោយកំណត់ដាក់ពន្ធនាគារ៩ខែ ក្រោមការចោទប្រកាន់ពីបទឆបោកនិងបានបង្គាប់អោយជនជាប់ចោទសងប្រាក់ទៅដើមបណ្ដឹងចំនួន៣ ៥២៤.៨០០ដុល្លារ និងសងជំងឺចិត្តចំនួន២០០លានរៀលថែមទៀត ក្នុងករណីជនត្រូវចោទមិនសុខចិត្តអាចប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះឈ្មោះ អឿ អឿន ហៅសំអឿន អាយុ៥៧ឆ្នាំ ជាថៅកែគ្រឿងបន្លាស់រថយន្តដែលតុលាការកាត់ទោសកាលពីព្រឹកថ្ងៃទី ១២កក្ដដា ឆ្នាំ២០១៨កន្លងមក។

អង្គហេតុដែលផ្ដើមអោយមានការចោទប្រកាន់ឈ្មោះអឿ អឿន ជាថៅកែនាំចូលគ្រឿងបន្លាស់រថយន្តនោះពីបទឆបោកនោះគឺពាក់ព័ន្ធនិងការរត់ការចេញអាជ្ញាប័ណ្ណនាំឈើចេញទៅក្រៅប្រទេសមានតម្លៃជាង៥លានដុល្លារ គិតជាបរិមាណឈើគឺជាង២០០កុងតឺន័រ ប៉ុន្តែ ឈ្មោះអឿ អឿន បានបំពេញកាតព្វកិច្ចបានតែ១០០កុងតឺន័រប៉ុណ្ណោះ នៅសល់ ជាង១០០កុងតឺន័រទៀតគឺស៊ីដាច់ប្រាក់ជាង៣លានដុល្លាររហូត ដល់បច្ចុប្បន្ន។

នៅក្នុសវនាការជនជាប់ចោទបានបដិសេធថា ខ្លួនមិនបានកេងបំបាត់ប្រាក់ របស់ដើមបណ្ដឹងទេ ពោលគឺអ្វីៗខ្លួនបានបំពេញកាតព្វកិច្ចប្រគល់អាជ្ញាប័ណ្ណអោយម្ចាស់ឈើអស់ហើយ នៅក្នុងជំពូកឈើ អឺម៣ រហូតអស់ពីឃ្លាំង។

ចំណែកដើមបណ្ដឹងនិងសាក្សីចំនួន៥នាក់ បានឆ្លើយស្រដៀងគ្នាថា នៅអំឡុងឆ្នាំ២០១៤ ពួកគេបានប្រគល់ប្រាក់ជាបន្តបន្ទាប់ចំនួន១១ដង អោយមកឈ្មោះអឿ អឿន ដើម្បីរត់ការមកក្រុមហ៊ុន ទ្រី ភាព នាំឈើជំពូកអឹម ៨ មានតម្លៃជាង៥លានដុល្លារទៅក្រៅប្រទេស ប៉ុន្តែក្នុងអំឡុងពេលនោះ ខ្លួនបានទទួលអាជ្ញាប័ណ្ណ នាំចេញ តែ១០០កុងតឺន័រ នៅសល់ជាង១០០កុងតឺន័រទៀត ឈ្មោះអឿ អឿន មិនបំពេញកតព្វកិច្ចប្រគល់អាជ្ញាប័ណ្ណអោយទេ ថែមទាំងគេចវេសមិនទទួលខុសត្រូវទើបខ្លួនប្ដឹងតែម្ដង។

ដោយសារចម្លើយជនជាប់ចោទមានការប្រែប្រួលដូច្នេះ តំណាងអយ្យការលោកស្រី ស៊ឺ វណ្ណនី បានសន្និដ្ឋានប្ដូរបទចោទពីឆបោក មកជាបទរំលោភលើទំនុកចិត្តវិញ ហើយបានស្នើអោយចៅក្រមសម្រេចតាមច្បាប់។

សូមបញ្ជាក់ កាលពីថ្ងៃទី២៨ខែកក្ដដាឆ្នាំ ២០១៧ លោករស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក៏បានប្រកាសសាលក្រមផ្ដន្ទាទោសឈ្មោះ អឿ អឿន ដាក់ពន្ធនាគារកំណត់១៨ខែ និងបង្គាប់ឲ្យសងប្រាក់ទៅដើមបណ្ដឹងឈ្មោះ Shao Jianfen ជាជនជាតិចិនចំនួន៨០ម៉ឺនដុល្លារ និងប្រាក់ជំងឺចិត្តចំនួន៦០០លានរៀល ក្រោមការចោទប្រកាន់ពីបទមិនបំពេញកតព្វកិច្ចចំពោះឧបករដែលអាចជួញដូរបាន (ចេញសែកអត់លុយ) បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

រឿងក្ដីនេះតុលាការបានបើកសវនាការកាលពីថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៧ លោកអឿ អឿន បានសារភាពថា ពិតជាបានចេញសែកដែលមានទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារទៅឲ្យដើមបណ្ដឹងមែន តែក្នុងកុងនោះគ្មានប្រាក់ទេ។ ជនសង្ស័យ អឿអឿន បានសារភាពទៀតថា នៅអំឡុងឆ្នាំ២០១៥ ខ្លួនបានចុះកិច្ចសន្យាជាមួយជនជាតិចិនក្នុងការប្រមូលទិញឈើពីក្រុមហ៊ុនទ្រីភាពផ្គត់ផ្គង់ឲ្យក្រុមហ៊ុនចិនក្នុងមួយខែឲ្យបាន៤០កុងតឺន័រ ប៉ុន្តែក្រោយមករដ្ឋាភិបាលបានបិទមិនឲ្យមានឈើចេញទើបខ្លួនមិនអាចប្រមូលទិញឈើបាន។

កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ លោក សេង លាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជនសង្ស័យ អឿ អឿន ថៅកែលក់គ្រឿងបន្លាស់រថយន្ត ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក អឿអឿន មានមុខរបរលក់គ្រឿងបន្លាស់រថយន្ត ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០១៦ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខាំ សុផារីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

អង្គសវនាការឈ្មោះ អឿ អឿន បានអះអាងថា ខ្លួនពិតជាបានចុះកិច្ចព្រមព្រៀងប្រមូលទិញឈើឲ្យទៅជនជាតិចិនក្នុងទឹកប្រាក់៦.២០០.០០០ដុល្លារ ពិតមែនដោយមួយខែត្រូវប្រគល់ឈើឲ្យ៤០កុងតឺន័រតែខ្លួនពិតជាគ្មានឈើប្រគល់ឲ្យមែនហើយលុយ៦.២០០.០០០ដុល្លារ នោះក៏ខ្លួនបានទទួលដែរ។ ចំណែកការចេញសែកខ្លួនពិតជាបានចេញសែកគ្មានសាច់ប្រាក់ឲ្យទៅជនជាតិចិននោះពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង