ក្រសួងការពារជាតិ ៖ ជាច្រើនលើកច្រើនហើយដែលអាមេរិក ព្យាយាមបំផ្លាញ នូវសេចក្តីសុខក្សេមក្សាន្ត របស់ប្រជានកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ថ្មីៗបំផុតនេះ ក្រសួងរតនាគារអាមេរិកបាន បង្ហាញ អំពីចរឹតក្រអឺតក្រទមសាជាថ្មីទៀត តាមរយៈការប្រកាសជាឯតោភាគីដាក់ទណ្ឌកម្ម មកលើនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នៅក្រោមហេតុផល គ្មានមូលដ្ឋាន។
ក្រសួងការពារជាតិ ចាត់ទុកទង្វើនោះ កាយវិការខ្វះវិចារណញ្ញាណ និង មានលក្ខណៈជាការបង្ករឿងឥតឈប់ឈរ។ ជាច្រើនលើកច្រើនហើយដែលអាមេរិក ព្យាយាមបំផ្លាញ នូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជានកម្ពុជា មិនខុសពីអំពើពាលា យង់ឃ្នង ដែលប្រទេសមហាអំណាចមួយនោះ បានធ្វើមកលើប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត ស្ទើរពាសពេញពិភពលោក ឲ្យទទួលរងការហិនហោចខ្លោចផ្សា ទាំងនៅក្នុង អតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។